(កំពង់ធំ)៖ ប្រធានក្រុមការងារចុះជួយឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ហោ សារុន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍ។
ការថ្លែងបែបនេះ របស់លោក ហោ សារុន ត្រូវបានធ្វើឡើងក្នុងឱកាស អញ្ជើញប្រគេនស៊ីម៉ងត៍១០០កញ្ចប់ ស្មើ៥តោន ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តទួលដំណាក់ថ្មី ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍។
ថ្លែងទៅកាន់ពលរដ្ឋ លោក ហោ សារុន បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសទាំងផ្នែកពុទ្ធចក្រ អាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព សុវត្ថិភាពពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៨ក្រោមការធ្វើពលិកម្មលះបង់របស់សម្តេចតេជោ ចុះជួប និងធ្វើសមាហរណកម្មជាមួយខ្មែរក្រហមក្រោមនយោបាយឈ្នះឈ្នះ ដោយមិនមានការបែងចែករវាងកងទ័ពខេមភូមិន្ទ កងទ័ពខ្មែរក្រហមទៀតឡើយ ពោលគឺជាកងយោធពលខេមរភូមិន្ទតែមួយ រាជរដ្ឋាភិបាលតែមួយ គ្មានតំបន់អប្បគមន៍បែកចែកទឹកដីគ្នាគ្រប់គ្រងទៀតទេ។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល តាមការិយាល័យបោះឆ្នោតក្នុងភូមិនីមួយៗ ដោយកុំជឿតាមពាក្យឃោសនារបស់ជនអគតិមួយចំនួនថា កុំនាំគ្នាទៅបោះឆ្នោត បើគ្មានគណបក្សសង្គ្រោះជាតិចូលរួម គឺនាំគ្នាដេកផ្ទះឈ្នះស្អាត។
លោកបានបន្ថែមទៀតថា យើងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ និងអណត្តិក្រោយៗទៀត ដើម្បីបន្តអភិវឌ្ឍ និងការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេសជារៀងរហូត ដោយគូសឲ្យចំលេខរៀងទី២០ នៅជួរខាងស្តាំក្រោមគេដែល មានរូបទេវតាបាច់ផ្កា ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នា៕