(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្រីក្រ និងជនពិការចំនួន៤០០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទទួលអំណោយដ៍ថ្លៃថ្លា ពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរស្រុក-ឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗរូប ពិសេសគឺនៅរួមរស់ជាមួយ រួមសុខរួមទុក្ខជាមួយបងប្អូន អស់រយៈពេលជិត៤០ឆ្នាំមកហើយ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានកណបក្សប្រជាជនកម្ពុជា បានគិតគូអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយក្នុងនោះ បានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់សុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅរក្សា និងបង្កើននូវធនធានមនុស្ស ក្នុងគោលបំណងរួមគ្នាកសាងប្រទេសជាតិ ឲ្យមានការរីកចំរើនជាបន្តបន្ទាប់ទៅទៀត។

លោកបន្តថា ស្រុកសង្គមថ្មីគឺជាស្រុកមួយ ក្នុងចំណោមក្រុងស្រុកនានា ក្នុងខេត្តព្រះវិហារ ដែលទទួលបានការអភិវឌ្ឍន៍រីកចំរើន ហើយកម្រោងអភិវឌ្ឍន៍នានា គឺអាជ្ញាធរខេត្ត បានទម្លាក់មកស្រុកសង្គមថ្មីនេះ ដើម្បីឲ្យកាន់តែមានការអភិវឌ្ឍន៍ ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកនេះ ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍នេះ ជាក់ស្តែងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យដែលជាសិទ្ធិផល ដែលបានឃើញស្រាប់។

ជាមួយនិងការទទួលបានអំណោយនៅពេលនេះ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវថែទាំសុខភាពឲ្យបានល្អ និងខិតខំបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ចំណែករាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តជួយបងប្អូននៅឱកាសលើកក្រោយៗទៀត ដោយមិនបោះបង់ចោលបងប្អូនប្រពលរដ្ឋឡើយ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្សដែលបំរើបងប្អូន ប្រជាពលរដ្ឋពិតប្រាកដ ហើយកុំជឿតាមការញុះញុង របស់គណបក្សបក្សណាដែលស្គាល់ បងប្អូនតែពេលបោះឆ្នោតឲ្យសោះ៕