(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា តាមរយៈនយោ​បាយ​ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រែក្លាយប្រទេស ដែលមានសង្គ្រាម មានសុខសន្ដិភាព ពិសេសប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាមូលហេតុដ៏ពិតប្រាកដ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង តាំងពីជីដូនជីតា ឪពុកម្ដាយ រហូតបន្ដមកដល់កូនៗ ស័្មគ្រចិត្ដគាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីប្រកាសទទួល សមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងទាំងអស់គ្នា​ បានរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ដោយសារគណបក្សប្រជាជនយើង បានរំដោះប្រទេសជាតិ ចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ បន្ទាប់មកគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ធ្វើឲ្យយើងមានលទ្ធភាពបញ្ចប់សង្គ្រាម ហើយនឹងកសាងប្រទេសជាតិយើង ឲ្យបានរីកចម្រើនមកដល់សព្វថ្ងៃនេះ ជាបន្ដបន្ទាប់។ ដូចនេះហើយបងប្អូនខ្មែរ យើងក៏បានរៀនសូត្រ បង្កើនចំណេះដឹង ក្លាយជាគ្រូពេទ្យ សាស្ដ្រាចារ្យ ជាឱសថការី ជាគិលានុបដ្ឋាក ឆ្មប និងអ្នកឯកទេសផ្សេងៗអាស្រ័យដោយប្រទេសរបស់យើង មានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងបង្កលក្ខណៈងាយស្រួលដល់យើង ដើម្បីបំពេញភារៈកិច្ចនេះ ក៏ដូចជាការអភិវឌ្ឍន៍ចំណេះដឹងរបស់យើង ដែលនេះជាយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដ៏សំខាន់ ក្នុងការវិនិយោគធនធានមនុស្សនេះ»

លោកបន្ដថា «ហេតុផលនេះហើយ បានជាក្មួយៗ ដឹងពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបន្ដពីឪពុកម្ដាយរបស់យើង ដែលរស់រាន មានជីវិតមក ហើយយើងក៏បន្ដការងារនេះ ក្នុងនាមយើងជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាបន្ដទៅទៀត។ យើងខ្ញុំមានមោទនភាពណាស់ នៅក្នុងស្មារតីទទួលខុសត្រូវនៃគណបក្សប្រជាជនកម្ពុជា នៅក្នុងក្រសួងសុខាភិបាល ក៏ដូចជាអ្នកទទួលខុសត្រូវ ដឹកនាំវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាល ដែលមានសមត្ថភាពដ៏ពូកែ ឧស្សាហ៍ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋយើង ដោយអស់ពីកម្លាំងកាយចិត្ដ មិនខ្លាចនឿយហត់ ។ខ្ញុំសូមលើកទឹកចិត្ដ ដល់ប្អូនទាំងអស់ ដើម្បីឲ្យសាមគ្គីគ្នា ដោះស្រាយទៅតាមរូបភាព​ ក៏ដូចជាបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋយើងដែរ»

សូមជម្រាបថា មកដល់ពេលនេះ សាខាគណបក្សមូលដ្ឋានមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត មានសមាជិកសរុប ចំនុច៩១៣រូប ៕