(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ១,១២០នាក់ ក្នុងសង្កាត់គោកចក ក្រុងខេត្តសៀមរាប។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ទិត្យ ឌីរ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់គោកចក ធ្វើសេចក្តីរាយការណ៍ អំពីការងារកសាងសមាជិក និងក្រុមបក្សទាំង០៨ភូមិរួចមក, លោក ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គោកចក ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។
ក្នុងនោះដែរ លោកក៏បានសំណូមដល់ប្រជាពលរដ្ឋ ដែលមានភូមិដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ (តំបន់អប្សរា) សូមមានការអព្យាស្រ័យ ចំពោះអាជ្ញាធរមូលដ្ឋាន ដោយបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើម្បីជាការបំពេញនូវតម្រូវការចាំបាច់ របស់ពលរដ្ឋផងដែរ។
លោក ឃឹម ប៊ុនសុង ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស និងប្រាប់កុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិ មួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងឱកាសនោះ លោកក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់សមាជិក សមាជិកាទាំង១,១២០នាក់ ម្នាក់ៗ២០,០០០រៀលផងដែរ៕