(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ រួមដំណើរដោយ គណៈពង្រឹងមូលដ្ឋានសង្កាត់កោះដាច់ បានអញ្ជើញសំណេះសំណាល និងបញ្ចូលអតីតគណបក្សប្រឆាំង ចូលជាសមាជិកបក្សថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន២៩៦នាក់ ស្ថិតនៅភូមិ ចំនួន៤ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត បាននាំនូវសព្វសាធុការពរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនសមាជិកថ្មី និងអង្គពិធីទាំងមូលផងដែរ។
លោក ឃ្លាំង ហួត បានជម្រាបថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយខិតខំកសាង និងស្តារប្រទេសតាំងពីបាតដៃទទេ ព្រមទាំងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ដោយកម្ចាត់ចោលទាំងស្រុង នូវអង្គការចាត់តាំងខ្មែរក្រហម ហើយបានបញ្ចប់នូវសង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃ ជាប្រវត្តិសាស្រ្ត និងនាំមកនូវសុខ សន្តិភាពពាសពេញផ្ទៃប្រទេស រហូតមានការរីកចម្រើន និងអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោកប្រធានគណបក្សខណ្ឌរូបនេះ បានអំពាវនាវដល់មន្ត្រីបក្ស និងសមាជិកទើបបញ្ចូលថ្មី ត្រូវប្រឆាំងដាច់ខាតនូវរាល់ការញុះញង់របស់ជនអគតិ មួយចំនួន ពិសេសគឺចលនាឧទ្ទាមខុសច្បាប់អតីតបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ កក្តដា ឆ្នាំ២០១៨ខាងមុខ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោត។
បើតាមលោក ឃ្លាំង ហួត ក្នុងនាមជាពលរដ្ឋ ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវ រាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦នេះ និងអាណត្តិបន្តបន្ទាប់ទៀត៕