(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ មានការរៀបចំពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមិត្ដភាពកម្ពុជា-ចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ) នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សហការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្ដរជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមិត្ដភាពកម្ពុជា-ចិនសែនសុខ នឹងប្រព្រឹត្ដទៅចាប់ពីម៉ោង០៦៖០០នាទី ដល់ម៉ោង១២៖០០នាទី ដោយមានការអ្នកចូលរួមចំនួន ១០,៧០០នាក់ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រិទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាបធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរ ដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើ ត្រូវពង្វាង ចរាចរណ៍តាមផ្លូវដូចខាងក្រោម៖
ទី១៖ ចំពោះរថយន្ដចរាចរណ៍មកពីទិសដៅខាងលិច តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ពីព្រលានយន្ដហោះចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅផ្លូវលេខ២០០៤ បត់ស្ដាំទៅទិសដៅខាងត្បូង ឬត្បូងលេខ២០១១ បត់ឆ្វេងទៅទិសដៅខាងជើង ឬបត់ស្ដាំទៅទិសដៅខាងត្បូង តាមផ្លូវបេតុងឆ្ពោះទៅវត្ដអង្គតាមិញ។
ទី២៖ ចំពោះរថយន្ដចរាចរណ៍តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅចេញក្រៅរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេង ក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រ៊ីត ឬបត់ស្ដាំត្រង់ចំណុចក្រោមស្ពានអាកាស ទៅមហាវិធីមិត្ដភាពភ្នំពេញ-ហាណូយ។
ទី៣៖ ចំពោះរថយន្ដចរាចរណ៍ពីទិសខាងជើង ទៅទិសខាងត្បូង និងពីទិសខាងត្បូង ទៅទិសខាងជើង តាមមហាវិថីមិត្ដភាពភ្នំពេញ-ហាណូយ និងផ្លូវលេខ១០១៩ (ណ័រប្រ៊ីត) ត្រង់ចំណុចក្រោមស្ពានអាកាសនេះ អនុញ្ញាតឲ្យចរាចរធម្មតា។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖