(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជិត៣០០០នាក់ មកពីឃុំគុត្តសត ឃូំកូប និងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ការសាងសងដាក់ពង្រាយសាលារៀន និងរោងចក្រនៅតាមភូមិមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រជាពលរដ្ឋ និងកូនចៅទទួលបានទទួលចំណេះដឹង និងការងារកាន់តែល្អប្រសើរព្រោះថា បានជួយសម្រួលដល់កូនចៅប្រជាពលរដ្ឋ កុំឲ្យចំណាយពេលទៅសិក្សា ឬទៅធ្វើការនៅរាជធានីភ្នំពេញ ដោយស្នាក់នៅផ្ទះខ្លួនឯងកាត់បន្ថយការចំណាយ ទៅលើការជួលបន្ទប់ស្នាក់នៅ និងពេលទំនេរពីការងារអាចជួយធ្វើស្រែចំការជាមួយឪពុកម្តាយបានទៀត។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋអ្នកអូរជ្រៅទាំងអស់ ដែលគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន ចូលរួមថែរក្សាសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន និងសូមបន្តថែរក្សាសន្តិភាពនេះ ឲ្យនៅគង់វង្សដោយអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ឲ្យបានគ្រប់គ្នា លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តនាំយកវិបុលភាព វិបុលសុខសម្រាប់យើង និងកូនចៅយើង។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកថវិកា សម្ភារ និងអំណោយចែកជូនមាន ជូនប្រជាពលរដ្ឋចំនួន២៥៧៨នាក់ ម្នាក់ៗទទួលបានសារ៉ុង១, ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំគុត្តសត ឃុំកូប និងឃុំសំរោង ចំនួន២៦០នាក់ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល សារ៉ុង១ ក្រម៉ា បំពង់ទឹកក្ដៅ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូត តែ ប្រេងឆា កៅអៀក ។ល។ និងជូនគណកម្មាធិការបក្សឃុំគុត្តសត ឃុំកូប និងឃុំសំរោងមួយឃុំៗ ថវិកា១លានរៀល ជូនមណ្ឌលសុខភាពកូប ថវិកា ៥០ម៉ឺនរៀល៕