(បាត់ដំបង)៖ អតីតសមាជិកអតីតគណបក្សសង្រ្គោះជាតិ ក្នុងសង្តាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តេជ្ញាថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីអនាគតគ្រួសារគាត់ សហគមន៍គាត់ និងដេម្បីប្រទេសជាតិមានសន្តិភាព ទទួលបានការអភិវឌ្ឍបន្តទៀត។
ការប្តេជ្ញាចិត្តបែបនេះ បានធ្វើឡើងក្នុងឱកាសអតីតសមាជិកគណប្សសង្រ្គោះជាតិ ៣២៣នាក់ ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់អូរម៉ាល់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តំណាងអតីតគណបក្សសង្រ្គោះជាតិ ដែលស្ម័គ្រចិត្តចូលរួមជីវភាពជាមួយមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកម្មវិធីគោលនយោបាយ និងសកម្មភាពគណបក្សប្រជាជនកម្ពុជា ឃើញថា គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិខ្ពង់ខ្ពស់ មានគោលនយោបាយ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជនតាំងពីដើមមក។
សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយ ក៏ដូចជាប្រទេសជាតិ។
លោក ឡេង ប៉េងឡុង បានស្វាគមន៍ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនៅពេលនេះ។ លោក បានគូសញ្ជាក់ថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលបានពលីកម្មរំដោះពលរដ្ឋ និងបានបម្រើពលរដ្ឋរហូតមកនៅគ្រប់កាលៈទេសៈ ដោយបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការស្វែងរកសន្តិភាពជូនពលរដ្ឋ។
ប្រធានក្រុមការងារសង្កាត់អូរម៉ាល់រូបនេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេច តេជោ ហ៊ុន សែន បានលះបង់សេចក្តីសុខ និងជីវិតខ្លួន ក្នុងការបម្រើ ការពារទឹកដី និងពលរដ្ឋរហូតមក។
លោក ឡេង ប៉េងឡុង បានអបអរសាទរ ចំពោះការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅថ្ងៃទី២៩ ខែកកក្កដា ខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសជាតិបន្តទៀត។ លោកបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានគោលនយោបាយជាតិច្បាស់លាស់ ក្នុងការបម្រើប្រជាពលរដ្ឋ៕