(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជូនដល់មន្ត្រីរាជការ ជាប្រធាន អនុប្រធានសាខាបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង២៧សាខា នៃក្រសួងផែនការ ដែលមានអ្នកចូលរួមចំនួន៤២០នាក់។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណ២ទស្សវត្សមកនេះ ដែលមានកំណើនសេដ្ឋកិច្ចថេរ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ តម្លើងប្រាក់បៀវត្ស ផ្តល់ការលើកទឹកចិត្ត និងអត្ថប្រយោជន៍សង្គមផ្សេងៗ ជូនដល់កម្មករ និយោជិត មន្ត្រីរាជការជារៀងរាល់ឆ្នាំ ខិតខំលើកកម្ពស់វិស័យសុខមាលភាពសង្គម លើកកម្ពស់វិស័យអប់រំ។
បើតាមលោកទេសរដ្ឋមន្ដ្រី ឆាយ ថន នេះសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដែលបានខិតខំកសាងជាតិ លើកស្ទួយកិត្យានុភាពប្រទេសជាតិលើគ្រប់វិស័យ។
លោក ឆាយ ថន បានបន្តថា សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសកត្តាសុខសន្តិភាពពេញលេញនេះ ដែលគណបក្សប្រជាជនកម្ពុជា ខិតខំពុះពារស្វែងរក ដោយបូជាសាច់ស្រស់ ឈាមស្រស់មកប្តូរទើបទទួលបាន ទាំងនេះជាកេរ្ដិ៍ដំណែល ដែលមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកជូនប្រជាជនជំនាន់ក្រោយ ចូលរួមរក្សាការពារឲ្យបានគង់វង្សបន្តទៀត និងបន្តចូលរួមអភិវឌ្ឍ កសាងស្នាដៃជូនជាតិ មាតុភូមិបន្តទៀត តាមរយៈការចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕