(ស្វាយរៀង)៖ លោក គឹម ងួន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យយុវជនរួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។

មិនតែប៉ុណ្ណោះ លោក គឹម ងួន ក៏បានអំពាវនាវពលរដ្ឋឲ្យមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសំណេះសំណាល ជាយុវជនគណបក្សប្រមាណជិត៥០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះ លោក គឹម ងួន បាន​នាំនូវការផ្តាំផ្ញើ​សាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុ​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធីផងដែរ។

បើតាមលោក គឹម ងួន ​ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័ យពូជសាសន៍ប៉ុលពត តែ​ក្នុងរយៈពេល​៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំងក្នុង កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបាន ផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។

លោក គឹម ងួន ផ្តាំផ្ញើដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋ​ឲ្យមានជីវភាពធូធារ។

លោកបានបន្ថែមទៀតថា ការងារឥឡូវបានមកដល់គៀក និងផ្ទះសម្បែងយើងហើយ ដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានរោងចក្រសហគ្រាសជាច្រើន កន្លែងអាចស្រូបយកកម្មករ បានរាប់ម៉ឺននាក់ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះ ក្រុមយុវជនរបស់គណបក្សប្រជាជន បានប្តេជ្ញាការពារសុខសន្តិភាព និងការអភិវឌ្ឍនិងនាំគ្នា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា៕