(កណ្ដាល)៖ រដ្ឋបាលព្រៃឈើខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមកបកស្រាយ និងបញ្ជាក់អំពីប្រតិបត្តិការចាប់រថយន្ដដឹកឈើរបស់ស្ដ្រីជនពិការ ដែលដឹកមកពីខេត្តពោធិ៍សាត់ លក់នៅដេប៉ូឈើក្នុងស្រុកស្អាង ខេត្តកណ្ដាល មិនមែនជាឈើជជុះ មិនមែនចំនួន១០ម៉ែត្រគូបនោះទេ ពោលជាឈើប្រភេទលេខ២ និងមានចំនួនជាង២៣ម៉ែត្រគូប។
លោក ឈាង ធីណា នាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅ បានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះការលើកឡើងរបស់ស្ត្រីពិការនោះ គឺមិនពិតទេ លោកបានធ្វើការបដិសេធទាំងស្រុង ហើយឈើដែលស្ដ្រីរូបនោះដឹកយកមកលក់បន្ត មិនមែនជាប្រភេទឈើជជុះនោះទេ គឺជាឈើល្អប្រភេទលេខ២ (ឈើផ្តៀក និងឈើទាល) ហើយឈើទាំងអស់នេះ ក៏មិនមានចំនួន១០មែត្រគូប ដូចស្ត្រីពិការជើងនោះបាននិយាយដែរ គឺមានចំនួន២៣.២៩៦ម៉ែត្រគូប ដោយដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ (ប្រភេទយីឌុប) ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1561 ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ពីរដ្ឋបាលព្រៃឈើ។
លោកបានបន្តថា ចំពោះពាក្យថា កម្លាំងចុះទៅឃាត់ប្រើឥរិយាបទមិនល្អ ដោយប្រើពាក្យសំដីគំរោះគំរើយនោះក៏មិនមានដែរ លោកបានសួរទៅ នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល ដែលជាអ្នកដឹកនាំក្នុងការបង្រាបទល្មើសព្រៃឈើនេះ បានប្រាប់លោកថា កម្លាំងរបស់លោក មិនបានប្រើពាក្យសំដីមិនល្អនោះទេ ម្យ៉ាងវិញទៀត ខណៈចុះទៅឃាត់នោះក៏មិនមានការប៉ះទង្គិចគ្នានោះទេ ដោយរថយន្តដឹកឈើបានបើកអែបឲ្យកម្លាំង ធ្វើការត្រួតពិនិត្យ។
ក្រោយពីការឃាត់ត្រួតពិនិត្យឃើញថា ការដឹកជញ្ជូនឈើអារនេះ គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក៏រាយការណ៍ជូនមកលោកភ្លាម ហើយបានយករថយន្ដដឹកឈើនោះមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។
នាយផ្នែករដ្ឋបាព្រៃឈើតាខ្មៅ បានបន្ថែមថា មន្ត្រីរដ្ឋបាលព្រៃឈើតាមបណ្តាលខេត្តជាប់ផ្លូវលេខជាតិលេខ៥ ប្រាប់ថាស្រី្តនេះ គឺជាឈ្ញួញរកស៊ីឈើ គឺពួកគាត់ធ្លាប់បានចាប់ឈើរបស់ស្ត្រីពិការនេះដែរ ជាក់ស្តែងមន្រ្តីរដ្ឋបាលព្រៃឈើផ្នែកកំពង់ស្ពឺ បានចាប់ឃាត់រថយន្តរបស់គាត់ចំណុះ០៥តោន មានផ្ទុកឈើចំនួនប្រហែល១០មែត្រគូប និងបានបញ្ជូនសនុំរឿងទៅតុលាការ កាលពីចុងឆ្នាំ២០១៧កន្លងមកថ្មីៗនេះ។
សូមជម្រាបថា ការចេញមកបកស្រាយរបស់រដ្ឋបាលព្រៃឈើខេត្តកណ្ដាល បានធ្វើឡើងបន្ទាប់ពី ស្ត្រីក្រីក្រពិការអង្គុយតែលើរទេះរុញម្នាក់ គឺអ្នកស្រី វង់ ធារី អាយុ៥១ឆ្នាំ រស់នៅភូមិឡកំបោរ សង្លាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងថា ដោយសារតែការទ័លច្រក គ្មានប្រាក់ព្យាបាលខ្លួន ចិញ្ចឹមកូន៤នាក់ និងចៅ៣នាក់ផង បានសម្រេចចិត្តទៅទិញប្រភេទឈើ ឬឈើជជុះ មកបោះឲ្យដេប៉ូឈើនៅស្រុកស្អាង ខេត្តកណ្តាល គ្រាន់បានចំណេញតិចតួច សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ប៉ុន្តែកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ស្រាប់តែមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចខេត្តកណ្តាល ចាប់រថយន្តជួលដឹកឈើរបស់គាត់ និងតម្រូវឲ្យបង់ផាកពិន័យរហូតដល់៤៧លានរៀល ទើបប្រគល់រថយន្តជូនវិញ។ ការតម្រូវឲ្យបង់យ៉ាងដូច្នេះ ស្រ្តីជនពិការរូបនេះ បានសុំទទូចដល់មន្រ្តីរដ្ឋបាលឈើ មានការយោគយល់ផង ដោយសារតែអ្នកស្រី មិនមានប្រកាសដល់ចំនួនប៉ុណ្ណេះទេ បើមានលុយច្រើនយ៉ាងនេះ មិនទៅបង្ខំទៅទិញឈើជជុះគ្រាន់បានចិញ្ចឹមកូន និងចៅជិត១០នាក់ឡើយ៕