(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុកប្រជាពលរដ្ឋ និងស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍន៍ នៅក្នុងភូមិ ឃុំ រួមទាំងបញ្ហាប្រឈមនានារបស់ពលរដ្ឋ នៅក្នុងភូមិពពេលឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោក ជា អឿង បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែ គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាត របស់ប្រជាជននៅទូទាំងប្រទេស។
លោកបានលើកឡើងថា សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើន របស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកបានបន្តថាជាមួយនឹងការទទួលបាននូវសមិទ្ធិផលថ្មីៗខាងលើ វាជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីភាពជិតស្និទ្ធជាប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ដើម្បីបាន ដឹងពីសុខទុក្ខ ស្ថានភាពនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ជាដើម។
លោកក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរ ឡើងថែមទៀតដើម្បី ផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋទូទាំងឃុំ និងស្រុក ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈ គ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗជូនដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព។ល។
លោកបានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋដើម្បីចាត់វិធានការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕