(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនក្រុនជនដៃដល់ចំនួន៣នាក់ ទៅតុលាការដើម្បីផ្ដទ្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីរកស៊ីចងការប្រាក់ ដែលជនសង្ស័យ ទី១៖ ឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង, ទី២៖ ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង និងទី៣៖ ឈ្មោះ សុខ ហេង ហៅ អេត ចាយ ភេទប្រុស អាយុ៣១ឆ្នាំ។
សូមជម្រាបថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនឃាតករប្តីប្រពន្ធ២នាក់ មកចង្អុលបង្ហាញ និងធ្វើត្រាប់ពីទីកន្លែងដែលពួកគេវាយសម្លាប់ នារីអ្នករកស៊ីរាប់លុយម្នាក់ ហើយយកសពមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានគរបាលព្រហ្មទណ្ឌ បានប្រាប់ Fresh News ឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃដល់ ដែលសម្លាប់ស្ដ្រីរងគ្រោះនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ហើយដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ង៉ែង ជូ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោក ជាវ វិបុល បានបញ្ជាក់ថា ជនរងគ្រោះក្នុងអំពើឃាតកម្មនេះមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ដោយឡែក ជនដៃដល់រួមមាន៖ ទី១៖ ឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង (ជាប្រពន្ធ), ទី២៖ ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង (ប្តី) និងទី៣៖ ឈ្មោះ សុខ ហេង ហៅ អេត ចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឲ្យដឹងថា កន្លងមកឈ្មោះ អាត អឿន បានចងការប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនរៀល។ ដោយមើលឃើញជនរងគ្រោះមានម៉ូតូ និងគ្រឿងអលង្កាជាប់ខ្លួននោះ ជនសង្ស័យទាំង៣នាក់ ក៏បានរៀបចំផែនការសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែម្តង។
នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ អាត អឿន ស្ថិតនៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែឈ្មោះ អេត ចាយ បានស្ទុះទៅវាយចាប់ជនរងគ្រោះបោកទៅលើឥដ្ឋ ហើយឈ្មោះ អេត ចាយ ចាប់ដៃ និងឈ្មោះ កែវ សុផានិត ចាប់ជើង។ ដោយឡែក ឈ្មោះ អាត អឿន បានយកទំពួកខោអាវរឹតកជនរងគ្រោះរហូតស្លាប់។
ក្រោយសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានយកភួយរុំសពជនរងគ្រោះ រួចលើកដាក់ក្នុងកញ្ចេនំប៉័ងដឹកតាមកង់ យកទៅទម្លាក់ចោលនៅតាមបណ្តោយផ្លូវលេខ៣៧១ ជាប់ស្ថានីយ៍ប្រេងតេឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទម្លាក់សពជនរងគ្រោះរួចហើយ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំ នៅម្តុំឃ្លាំងរំសេងបានប្រាក់ចំនួន៥៥០ដុល្លារ និងទូរស័ព្ទដៃអាយហ្វន យកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់៦៥ដុល្លារទៀត។ តែឈ្មោះ អេត ចាយ បានប្រាក់តែ១០០ដុល្លារទេ ចំណែកប្រាក់នៅសល់ គឺជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាអ្នកយក។
បើតាមលោក ជាវ វិបុល មុនឈានដល់ប្រតិបត្តិការចាប់ជនសង្ស័យទាំង៣នាក់នេះ នាយកដ្ឋានព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីបងប្អូនរបស់ជនរងគ្រោះ ដោយអះអាងថា មានការបាត់សមាជិកក្រុមគ្រួសាររយៈពេល១០ថ្ងៃ មិនឃើញ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ខ្លួនជនដៃដល់ទាំង៣នាក់តែម្តង ដោយមានកិច្ចសហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តព្រៃវែង។