(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានទទួលបដិសណ្ឋារកិច្ចប្រតិភូអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដែលអញ្ជើញមកជួបធ្វើការពិភាក្សាការងារមួយចំនួន និងពិនិត្យទីតាំងអនុស្សាវរីយ៍ កាលដែលកងទ័ពឥណ្ឌូនេស៊ី មកឈរជើងក្នុងសម័យសង្គ្រាម ក្នុងនាមជាអ្នកសម្របសម្រួល គ្រប់ភាគីជម្លោះនៅប្រទេសកម្ពុជា។
ក្រោយពីជួបពិភាក្សាការងារ និងពិនិត្យទីតាំងដែលកងទ័ពរបស់ខ្លួនឈរជើងរួចមក ប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអញ្ជើញទៅទស្សនាផ្នូរកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
គួរបញ្ជាក់រថា កន្លងមកលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូរពរទៅអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្នើសុំអគារ០១ខ្នង ដើម្បីសាងសង់នៅវិមានរំលឹកគុណយុទ្ធជនពលី សម្រាប់យោធិនស្នាក់នៅផង សម្រាក់ទទួលភ្ញៀវផង និងចាត់ទុកជាកន្លែងប្រវត្តិសាស្ត្រ ឲ្យក្មេងៗជំនាន់ក្រោយឲ្យបានយល់ដឹង៕