(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករលក់ដូរ ក្នុងក្រុងស្ទឹងសែន រួមគ្នាជួយថែរក្សានូវប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀង នៅតាមដងផ្លូវមួយចំនួន ដែលអាជ្ញាធរក្រុង បាននិងកំពុងសាងសង់នៅពេលនេះ ដើម្បីបានជួយរំដោះទឹកពេលមានភ្លៀងធ្លាក់ម្តងៗ និងធ្វើឲ្យមានជះក្លិនស្អុយ។
លោក សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២សង្កាត់ គឺពេលព្រឹក សង្កាត់ដំរីជាន់ខ្លា និងពេលរសៀល សង្កាត់កំពង់រទេះ នៅក្រុងស្ទឹងសែន ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង២ពាន់នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក សុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តខិតខំអភិវឌ្ឍន៍នៅទូទាំងកំពង់ធំទាំងមូល ដោយឡែកនៅក្នុងក្រុងស្ទឹងសែន ក៏មានការអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ហើយការអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះៗ មិនខានទេ ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានការយោគយល់ និងធ្យាស្រ័យ។
លោកបានបន្តថា ការបើកការដ្ឋានដាក់លូនាពេលេនេះ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលតែងតែជនលិចផ្លូវ និងភូមិឋានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងធ្វើការកែសម្រួលនូវរបងផ្ទះរបស់ប្រជាពលរដ្ឋដែលនៅជាប់នឹងផ្លូវកែង ឲ្យពិបាកក្នុងការធ្វើដំណើរ និងបណ្តាលឲ្យមានគ្រោះថ្នាកចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ការសាងសង់រង្វល់មូលវិមានឯករាជ្យ ដែលនឹងបង្ហាញវត្តមាននាពេលឆាប់ៗនេះ នៅចំកណ្តាលក្រុងស្ទឹងសែន ព្រមទាំងកសាងសួនច្បារលម្អរតាមដងផ្លូវ ពង្រីកសួនកុមារ ដើម្បីអភិវឌ្ឍន៍ក្រុងស្ទឹងសែនឲ្យមានការរីកចម្រើនទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនវិនិយោគ បង្កើនមុខរបរជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បាននាំនូវការផ្តាំផ្ញើ ក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទាំងអស់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងពេលវេលាមកបោះឆ្នោតជូនគណបក្សប្រជាជនកន្លងមក គឺមានន័យថា ប្រជាពលរដ្ឋទាំងអស់បានធ្វើការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនប្រកបដោយសុខសន្តិភាព៕