(ភ្នំពេញ)៖ ក្រោយទទួលបានមតិដឹកនាំពីលោក ជា ពិសី ប្រធានអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ នាថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌ បានដឹកនាំសហការី នាំយកថវិកាមួយចំនួន និងអង្ករ៥០គីឡូក្រាម ជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសារសពខ្មែរឥស្លាមមួយ ដែលបានបាត់បង់សមាជិករបស់ខ្លួន ក្នុងមួយប៉ព្រិចភ្នែកសោះ រហូតដល់ទៅ៣នាក់ ក្នុងនោះមានម្នាក់ជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដធុនធំ បើកទៅបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា ដែលបានកើតឡើងកាលពីម៉ោងប្រហែលជា១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ ក្នុងក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រី សួស សូលីដា បានលើកឡើង ពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត មានជម្ងឺ និងជួបឧបត្ថវហេតុផ្សេងៗ ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតគឺមិនត្រូវមើលរំលងបានឡើយ។
សូមបញ្ជាក់ថា ពិតជាគួរឲ្យរន្ធត់ និងអាណោចអាធម៌ជាទីបំផុត ក្នុងគ្រួសារខ្មែរឥស្លាមមួយ ដែលបានបាត់បង់សមាជិករបស់ខ្លួន ក្នុងមួយប៉ព្រិចភ្នែកសោះ រហូតដល់ទៅ៣នាក់ ក្នុងនោះមានម្នាក់ជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយ និងបុរសម្នាក់ផ្សេងទៀត ត្រូវនគរបាលចាប់វាយខ្នោះ ដោយសារជួបឧបត្ថវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដធុនធំ បើកទៅបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា។
លោកអនុសេនីយ៍ទោ រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបត្ថវហេតុគ្រោះថ្នាក់ចរាចរនេះដែរ ទី១-ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុជាង៥០ឆ្នាំ បើកបរម៉ូតូម៉ាក Nex ពាក់ផ្លាកលេខ ភ្នំពេញ ១DE-០៧៥២ ទី២-ជាកូនស្រីឈ្មោះ ម៉ាត់ សាណា អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងជិតដល់ថ្ងៃភ្ជាប់ពាក្យនៅថ្ងៃអាទិត្យ ខាងមុខនេះហើយ និងទី៣-ត្រូវជាក្មួយស្រីមានឈ្មោះ ម៉ាត់ សារិកា អាយុទើបតែ៥ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ជាឪពុកកូន និងក្មួយ ស្នាក់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះទេ។ ឯអ្នលបើកបររថយន្ដបង្ករមានឈ្មោះ ខូវ ខែម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិធីព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បើករថយន្តម៉ាក MITSUBISHI ពណ៌លឿង ពាក់ស្លាក់លេខ ពណ៌ក្រហម PP-២២៦០។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយតៗគ្នាថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ករ បើកដោយបុរសម្នាក់ និងឃើញម៉ូតូជនរងគ្រោះបើកឌុបគ្នា៣នាក់ ចេញពីរោចក្រម្ដុំគីឡូម៉ែត្រលេខ១០ ក្នុងទិសដៅស្របទិសគ្នា ពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈម៉ូតូបើកនៅពីខាងមុខរថយន្ដ លុះមកដល់ចំណុចកើតហេតុ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ រថយន្ដបែរជាជ្រុលចង្កូតទៅបុកម៉ូតូចំពីខាងក្រោយ បណ្ដាលឲ្យដួលកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗបុរសជាឪពុក ជាមួយកូនស្រី និងក្មួយ២នាក់ទៀត បានបោកក្បាលនិងទ្រូងផ្លូវស្លាប់ផងដែរ នៅនិងកន្លែងតែម្ដង។ តែសម្រាប់រថយន្ដបង្ករ បានព្យាយាមបើករត់គេចខ្លួន បានត្រឹមប្រហែលជា១០០ម៉ែត្រប៉ុណ្ណោះ ត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ដេញតាមចាប់បានទាំងអ្នកបើក និងរថយន្ដ បន្ទាប់ពីបើកបុកម៉ូតូជនរងគ្រោះ។
ក្រោយកើតហេតុការគ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះ កម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យវាស់វែងភ្លាមៗ យកទាំងម៉ូតូ និងរថយន្ដទៅរក្សាទុក និងប្រគល់សពជូនទៅឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕