(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យ លើបណ្ណបើកបរអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ប្រឹងប្រែងយកចំណេះវិជ្ជាដែលបានសិក្សារៀនសូត្រនៅថ្ងៃនេះ ទៅអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់បំផុត។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
សូមជម្រាបថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានរៀបចំវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរអន្តរជាតិ ដោយមានការចូលរួមពីមន្ត្រីនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍ ស្នងការរង ប្រធានការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាន រាជធានីខេត្តទាំង២៥។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ ដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការពិនិត្យឲ្យបានត្រឹមត្រូវលើបណ្ណបើកបរអន្តរជាតិ ព្រមទាំងស្វែងយល់បន្ថែមពីលិខិតបទដ្ឋានពាក់ព័ន្ធ ដូចជាអនុសញ្ញាអន្តរជាតិ ស្តីពីបណ្ណបើកបរអន្តរជាតិ និងកិច្ចព្រមព្រៀងទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកទ្វេភាគី ឬពហុភាគីជាមួយកម្ពុជា៕