(ភ្នំពេញ)៖ សម្រាប់វេទិកាការងារ នៅចុងខែមិថុនា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោចណាស់ មានអ្នកជាប់ការងារស្ថាពរ ចំនួន៤៩នាក់ ខណៈមានអ្នកជាប់បឋម១១៧នាក់ ក្រុមហ៊ុនដែលចូលរួម ក្នុងវេទិកានោះ មាន១០ក្រុមហ៊ុន។
ក្នុងនោះ រួមមាន៖ មីក្រូហិរញ្ញវត្ថុ អម្រឹតជាប់បឋម ២៧នាក់ ក្រុមហ៊ុន ISI ស្ទីល ជាប់បឋម ២២នាក់ ក្រុមហ៊ុនទូរស័ព្ទ Smart ជាប់ស្ថាពរ១០នាក់ ជាប់បឋម៨នាក់ មីក្រូហិរញ្ញវត្ថុ RFC Cambodia ជាប់បឋម១៥នាក់ មីក្រូហិរញ្ញវត្ថុ មហានគរជាប់ស្ថាពរ១៨នាក់ និងជាប់បឋម២៤នាក់ ក្រុមហ៊ុន ម៉ាស្ទើ ស៊ូគីស៊ុប ជាប់ស្ថាពរ៦នាក់ ជាប់បឋម៣នាក់ ក្រុមហ៊ុន ដេហាន អូតូជាប់ស្ថាពរ៦ ជាប់បឋម៩នាក់ ក្រុមហ៊ុន Mekongnet ជាប់បឋម៧នាក់ និងក្រុមហ៊ុន Yin kok ជាប់ស្ថាពរ៩នាក់ និងជាប់បឋម២នាក់។
ប្អូនស្រី កែវ គន្ធា បញ្ចប់ថ្នាក់ទី១២ មកពីខេត្តតាកែវ លើកឡើងថា ខ្ញុំដឹងពីព័ត៌មានសម្ភាសការងារនេះ តាមរយៈប្អូនស្រីរបស់ខ្ញុំ ហើយនេះជាលើកទីមួយផងដែរ ដែលខ្ញុំបានចូលរួមសម្ភាសការងារ នេះជាលើកទី១ របស់ខ្ញុំ ដែលចូលរួមក្នុងវេទិកាថ្ងៃនេះ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងណាស់ ដោយទទួលបានការងារជាមួយក្រុមហ៊ុន Master Sukisoup ផ្នែកធ្វើទឹកក្រឡុក»។
គន្ធា បានឲ្យដឹងដែរថា កន្លងមកខ្លួនក៏ធ្លាប់បម្រើការងារ នៅផ្សារទំនើបមួយដោយមានតួនាទីជាអ្នកលក់។ គន្ធាបញ្ជាក់បន្ថែមថា វេទិកានេះពិតជាងាយស្រួលណាស់ សម្រាប់អ្នកចង់បានការងារធ្វើ ព្រោះយើងអាចចូលសម្ភាស ជាមួយក្រុមហ៊ុនដែលយើងស្រឡាញ់បានដោយសេរី។
ស្រដៀងគ្នានេះ និស្សិតឆ្នាំទី២ ជំនាញគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា នូ សុខបូរ៉ាវី មកពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កញ្ញាទទួលបានព័ត៌មាននេះ តាមរយៈមិត្តភក្ត្ររៀនជាមួយគ្នា ហើយនេះគឺជាលើកទី១ ដែលបានមកចូលរួមសម្ភាសការងារនៅទីនេះ «នេះជាលើកទី១របស់ខ្ញុំហើយ ដែលចូលរួមវេទិកានេះ ហើយខ្ញុំបានជាប់ការងារជាមួយក្រុមហ៊ុន Smart ជា Call Center កន្លងមកខ្ញុំតែង ព្យាយាមស្វែងរកការងារ និងដើរដាក់ VC ជាច្រើនកន្លែងដែរ តែមិនដែលឃើញក្រុមហ៊ុនណាទាក់ទងមកនោះទេ»។
បូរ៉ានី បន្ថែមថា បើប្រៀបធៀបជាមួយនឹងការដើដាក់ CV តាមក្រុមហ៊ុន ឬផ្ញើតាម Email គឺការមកចូលរួមវេទិកាការងារនៅទីនេះ NEA ពិតជាមានភាពងាយស្រួលជាង ងាយស្រួលដោយយើងមិនចាំបាច់រង់ចាំយូរ មានន័យថាដាក់ CV ភ្លាមយើងបានសម្ភាសភ្លាម ហើយដឹងធ្លាក់ឬជាប់ភ្លាម ពិសេសមានក្រុមហ៊ុនច្រើនចូលរួម។ បូរ៉ានី បានចាត់ទុក NEA គឺជាកន្លែងដ៏ល្អបំផុត និងជាប្រភពព័ត៌មានដ៏សំបូរបែប សម្រាប់អ្នកចង់ បានការងារធ្វើ ឬផ្លាស់ប្តូរការងារ។
អ្នកទាំងពីរ បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើន ក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ «វេទិកានេះ ពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារ ធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ពិសេសបានជួយដល់សិស្សនិស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន»។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល៥ខែ ក្នុងឆ្នាំ២០១៨ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ នៅតាមមជ្ឈមណ្ឌលការងារទាំង១១ខេត្ត របស់ខ្លួនបានចំនួន៣៥លើក ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានប្រមាណ៦៧១៨នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើតាមរយៈ NEA មានចំនួន២,៨៣២នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕