(ស្វាយរៀង)៖ ពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារចន្ទបុប្ផារាម ស្ថិតនៅភូមិត្រពាំងរុនទី១ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្តាឃុំ ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ និងបានពាំនាំការនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូល និងសូមជូនពរ លោកយាយ លោកតា បងប្អូនទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរ អាយុយឺនយួរ មានកម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យនៅក្នុងគ្រប់កិច្ចការងារផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរនូវសមិទ្ធផលទាំងអស់ ដែលបានកើតឡើងតាមសទ្ធាជ្រះថ្លារបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ពុទ្ធបរិស័ទ ក៏ដូចជា សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងព្រះវិហារនេះឡើង ទោះបីនៅទីណាក៏ដោយ តែងតែបានរួមគ្នា ក្នុងការកសាងទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ហើយយើងរៀបចំពិធីនៅថ្ងៃនេះ គឺរៀបចំដោយសុខសន្តិភាព និងភាពសម្បូរសប្បាយ និងគ្មានភិតភ័យអ្វីទាំងអស់ នេះហើយជាការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដឹកនាំធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជន ក៏បានប្រែមុខមាត់គួរឱ្យកត់សម្គាល់ផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា «យើងបានឃើញទាំងអស់គ្នារួចមកហើយ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព រួមទាំងព្រះវិហារនេះ និងសមិទ្ធិផលជាច្រើនរាប់មិនអស់ គឺវាមិនអាចកើតឡើង ដោយឯកឯងបាទទេ ប្រសិនណាគ្មានសន្តិភាព និងស្ថិតក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ គឺបានបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសកម្ពុជា»។
ឆ្លៀតក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។
មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវមានបងតូច បងធំ និងក្រុមក្មេងទំនើង និងចូលគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
បងប្អូនទាំងអស់គ្នាត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាព ជូនប្រទេសជាតិ៕