(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានប្រារព្ធពិធីផ្សព្វផ្សាយ និងប្រកាសជាផ្លូវការ គោលនយោបាយវត្តសង្គហកុមារ និងកម្មវិធីកិច្ចការពារកុមារ តាមវត្តអារាមក្រោមព្រះរាជាធិបតីភាព សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិក និកាយ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនេះ ក៏មានការនិមន្តចូលរួមពី សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា ព្រះរាជ តំណាងសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃ នាយករង នៃគណៈធម្មយុត្តិកនិកាយ និងលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការតំណាងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា លោក ប្រូស ហ្គ្រេន តំណាងអង្គការយូណេសេហ្ស ប្រចាំនៅកម្ពុជា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា ក្នុងពិធីនេះថ្នាក់ដឹកនាំ បានពិភាក្សាផ្តោតទៅលើការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព ពិសេសលើស្រី្ត និងកុមារ រួមទាំងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធគ្រឿងញៀន ប្រគេនដល់មន្ត្រីសង្ឃ ព្រះសង្ឃទាំងពីរគណៈ ព្រះមេគណគ្រប់រាជធានី-ខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនាផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមមានចំនួនប្រមាណជិត២០០អង្គ/នាក់៕