(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានជម្រុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ដាច់ខាត ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ អំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៃរដ្ឋសភា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសហការទប់ស្កាត់ ក្ដាប់ឲ្យបានរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីត្រៀមលក្ខណៈការពាររក្សាសន្តិសុខ និងសុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ការជម្រុញយ៉ាងដូច្នេះ ត្រូវបានលោក ជា ពិសី លើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពដ៍សំខាន់មួយ នៅសាលាខណ្ឌប្ញស្សីកែវ នាថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការងារការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជូនគណបក្សនយោបាយ ដោយមានការចូលរួមពីប៉ូលីស អាវុធហត្ថ មន្ត្រីរាជការតាមបណ្ដាការិយាល័យជុំនាញគ្រប់លំដាប់ថ្នាក់ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ យុវជន ស.ស.យ.ក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានជម្រុញដល់កងកម្លាំងទាំងប៉ូលីស អាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាទប់ស្កាត់ ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានរឹងមាំនៅពេលឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ជាពិសេសចូលរួមសហការគ្នា ក្នុងការក្តាប់សភាពការណ៍ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលកំណត់មុខសញ្ញាបទល្មើស ងាយស្រួលបង្ក្រាបឲ្យបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌឬស្សីកែវ បានជម្រុញបន្ថែមថា ដើម្បីការពារសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ចំពោះមន្ត្រីដាច់ខាត ត្រូវខិតខំអនុវត្តន៏ការងារដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ច ជុំនាញរៀងៗខ្លួន សំដៅបង្កើននូវប្រសិទ្ធិភាពការងារ ដែលជាកម្លាំងស្នូលក្នុងកិច្ចការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងពេលបោះឆ្នោតតំណាងរាស្ត្រនិតិកាលទី៦ នៃរដ្ឋសភា ដែលនិងចាប់ផ្ដើមប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យទទួលបានជោគជ័យ៕