(កំពង់ចាម)៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំជាលើកទី៨ ផ្សព្វផ្សាយផែនការការពារ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កិច្ចដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី អភិបាលរងក្រុងកំពង់ចាម, ស្នងការរងទទួលការងារផែនសេដ្ឋកិច្ច និងទទួលដឹកនាំក្រុងកំពង់ចាម, លោកមេបញ្ជាការសឹករងក្រុង, លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង លោកអធិការ អធិការរងក្រុង លោកចៅសង្កាត់ លោកនាយ នាយរងប៉ុស្តិ៍ទាំង៤សង្កាត់ និងកម្លាំងប្រជាការពារ។
ដើម្បីការពារដំណើរការ យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ទទួលបានជោគជ័យ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានរៀបចំ ទី១៖វេនប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្ត និងនៅអធិការដ្ឋានស្រុក ក្រុង, ទី២៖រៀបចំក្រុមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅស្នងការដ្ឋាន និងអធិការដ្ឋានស្រុក ក្រុង, ទី៣៖រៀបចំកម្លាំងអន្ដរាគមន៍ ដោយកម្លាំងអន្ដរាគមន៍ពិសេស នៅស្នងការដ្ឋាននគរបាលខេត្ត មានចំនួន១២០នាក់ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដោយភ្ជាប់ជាមួយមធ្យោបាយ និងសម្ភារសម្រាប់ប្រើឲ្យប្រតិបត្តិការ នៅអធិការស្រុកក្រុងចំនួន៣០នាក់ ក្នុងនោះក៏មានកងអន្ដរាគមន៍ត្រៀមបម្រុង ដោយបូកបញ្ជូនជាមួយកម្លាំងការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ ឯនៅស្រុកក្រុងក៏ដូចគ្នា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កិច្ចការពារការបោះឆ្នោត ទី១៖ត្រូវការពារគ្រប់គណបក្សនយោបាយ ដែលមានសិទ្ធិចូលរួមបោះឆ្នោត, ទី២៖ការពារអ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាល សមាគមដែលមានការអនុញ្ញាតិពី គ.ជ.ប, ទី៣៖ការពារវាគ្មិនគណបក្សនយោបាយ ទី៤៖ការពារទីស្នាក់ការរបស់គ.ជ.ប នៅខេត្ត នៅឃុំសង្កាត់ និងការិយាល័យបោះឆ្នោត និងការពារគ្រប់ការដឹកជញ្ជូនឯកសារ ដែលពាក់ព័ន្ធដល់ការបោះឆ្នោត។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើដល់កងកម្លាំងដែលជាកម្លាំងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមឯកសារពាក់ព័ន្ធ ការបោះឆ្នោតត្រូវតែចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជំរុញផ្សព្វផ្សាយដល់ក្រុមគ្រួសារឲ្យចូលរួមបោះឆ្នោត ព្រោះជាកាតព្វកិច្ចរបស់ពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន សន្តិភាព សុវត្ថិភាព ស្ថេរភាព តាមបែបលទ្ធិប្រជាធិបតេយ្យ។
សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រៀមសម្រាប់រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតនេះ មានចំនួន៤,០២៨នាក់ ដោយមានទាំងកម្លាំងត្រៀមអន្ដរាគមន៍២៤ម៉ោង លើ២៤ម៉ោង និងកម្លាំងដែលរៀបចំតាមផែនការ៕