(ភ្នុំពេញ)៖ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឪពុកកូនពីរនាក់ បានគេចផុតពីឃាតកលាក់មុខទាំងតក់ស្លុត នៅចំណុចផ្លូវផ្លូវ៦០ម៉ែត្រ ព្រំប្រទល់ភ្នំពេញ និងក្រុងតាខ្មៅ ក្រោមគ្រោះថ្នាក់ចរាចរណ៍រមួយ រវាងរថយន្តកាម៉ារីបាឡែន (ម្ចាស់រត់បាត់) ជាមួយរថយន្តតាកូម៉ា (ជិះគ្នាពីរនាក់ឪពុកកូន) បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្នុងនោះក្មេងប្រុសតូចម្នាក់ បានប៉ះទង្គិចធ្ងន់ធ្ងរ បណ្តាលឲ្យសន្លប់ស្តូកស្តឹង។
ភ្លាមៗនោះផងដែរ កម្លាំង «គ» អន្តរាគមន៍ របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងរក្សាសណ្តាប់ធ្នាប់នៅក្បែរកន្លែងកើតហេតុ បានចូលទៅសង្គ្រោះឪពុកកូនទាំងពីរ និងនាំក្មេងប្រុស ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រកបដោយការយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ កម្លាំង «គ» អន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាប្រម៉ែប្រមូលបំណែករថយន្ត និងបោសសំអាចកំទេចកំទីកញ្ចក់រថយន្ត ចេញចេញពីផ្លូវថ្នល់ដើម្បី កុំឲ្យបង្កការរំខានដល់អ្នកដំណើរផ្សេងទៀត និងកុំឲ្យប៉ះពាល់សោភ័ណភាពផ្លូវថ្នល់។
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថា ជាឃាតកលាក់មុខដ៏សាហាវបំផុតគួរឲ្យភ័យខ្លាច ដោយបានធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់បាត់បង់ជីវិត ក៏ដូចជា រងរបួសធ្ងន់ និងរងរបួសស្រាល ហើយរថយន្ត និងម៉ូតូរាប់រយពាន់គ្រឿង ក៏រងការខូចខាតផងដែរ។ មានមូលហេតុជាច្រើន ដែលនៅតែធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ ពុំមានការថយចុះ ជាពិសេស គឺការបំពានច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរាចរណ៍ បើកបរពេលស្រវឹង បើកបរបញ្ច្រាសទិស បើកជែងលើផ្លូវតូចចង្អៀត ហើយក៏មានបញ្ហាបច្ចេកទេសយានយន្តផងដែរ។
ដូច្នេះដើម្បីសុវត្តិភាពអាយុជីវិត របស់ខ្លួននៅលើដងផ្លូវ យើងទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ ដោយយកចិត្តទុកដាក់ ហើយត្រូវមានការយោគយល់អធ្យាស្រ័យគ្នាពេលបើកបរយានយន្ត។ ជាពិសេសការ ត្រួតពិនិត្យបច្ចេកទេស យានយន្តមុនពេលបើកបរ គឺជារឿងសំខាន់បំផុត ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ ជាងនេះ ទៅទៀតមិនត្រូវបើកបរនៅពេលស្រវឹង ឬបើកជែងនៅលើផ្លូវតូចចង្អៀតនោះឡើយ។ ការគោរពច្បាប់ចរាចរណ៍ និងការយោគយល់គ្នារវាងអ្នកបើកបរ គឺជាបញ្ហាដ៏សំខាន់បំផុត ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ ចរាចរណ៍ កាត់បន្ថយហានិភ័យ និងសោកនាដកម្មនៅលើដងផ្លូវ ៕