(ភ្នំពេញ)៖ តាមបញ្ជាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សាកលវិទ្យាល័យពហុបច្ចេកទេស Ningbo នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា លើជំនាញបច្ចេកទេសសំណង់ អគ្គិសនី និងអេឡិចត្រូនិច ខណៈកម្ពុជាក៏កំពុងត្រូវការលើជំនាញទាំងនេះជាចាំបាច់ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស។
បន្ទាប់ជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយលោក Zhang Huibo សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពហុបច្ចេកទេស Ningbo នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រួចមក លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានឱ្យដឹងថា សាកលវិទ្យាធិការ Ningbo នឹងផ្ដល់អាហារូបករណ៍ដល់និស្សិត និងបណ្ដុះបណ្ដាលគ្រូនៅក្នុងវិទ្យាស្ថានកម្ពុជា។ នាឱកាសនោះ លោក អ៉ិត សំហេង បានសម្ដែងការស្វាគមន៍ និងជំរុញក្នុងការផ្ដល់អាហារូបករណ៍នេះ ឱ្យបានឆាប់នាពេលខាងមុនេះផងដែរ។
ទស្សនកិច្ចសិក្សារបស់ប្រតិភូសាកលវិទ្យាល័យពហុបច្ចេកទេស Ningbo នៅកម្ពុជានាពេលនេះ គឺដើម្បី៖
១៖ ស្វែងរកកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
២៖ បង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត និងគ្រូបច្ចេកទេស។
៣៖ ស្វែងរកកិច្ចគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ នៅក្នុងវិទ្យាស្ថានណាមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៤៖ ធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះសីហនុ។
លោក ឡៅ ហ៊ីម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នេះ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពក្នុងចំណោមវិស័យអាទិភាពទាំងបួន នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់ជំនាញដែលត្រូវការជាចាំបាច់ ក្នុងការធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពលកម្មក្នុងតំបន់ ដែលកាន់តែបើកចំហ និងជំរុញសេដ្ឋកិច្ចឱ្យឈានឡើងកម្រិតខ្ពស់មួយទៀត ហើយជាពិសេសផ្តល់ជូនប្រជាពលរដ្ឋនូវអំណាច ក្នុងការកំណត់វាសនាជីវិតរបស់ខ្លួន និងសម្រេចក្តីប្រាថ្នានៅកន្លែងការងារ។
លោកបន្តថា រាជរាដ្ឋភិបាលកម្ពុជា បានកំណត់គោលដៅសេដ្ឋកិច្ចជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចនេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក រួមមាន៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
បច្ចុប្បន្នក្រសួងការងារមានគ្រឹះស្ថានក្រោមឱវាទចំនួន ១០២ ក្នុងនោះមានគ្រឹះស្ថានសាធារណៈក្រោមឱវាទចំនួន៣៩ ទូទាំងរាជធានី-ខេត្ត។ ក្រសួងបាននឹងកំពុងកែទម្រង់ស៊ីជម្រៅលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ ១. ពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ២. បង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌, ៣. លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និង៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕