(បន្ទាយមានជ័យ)៖​ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បន្តការត្រួតពិនិត្យនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមពេលអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ ខ្វះការយល់ដឹងការទុកដាក់ ការវិចខ្ចប់ អនាម័យ និងលួចដាក់តាំងលក់ទំនិញគ្មានគុណភាព​ បន្លំស្លាកសញ្ញា​ បន្លំគុណភាពផ្សេងៗ ​ដែលពលរដ្ឋទិញយកទៅទទួលទាន ក្នុងផ្សារសិរីសោភ័ណ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាព៨៩,០៤គីឡូក្រាម។

លោក សាន​ វិជ្ជាសារ៉ាវុធ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យឱ្យដឹងថា ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (Test Kit) ធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឱ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមី នៅលើបន្លែត្រីសាច់ជាដើម ហើយប្រតិបត្តិការ ធ្វើតេស្តបឋមរកសារធាតុគីមី លើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញ ដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ឱ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោកប្រធានក៏បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ។

លោក សាន​ វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ការបញ្ជ្រាប ការយល់ដឹងពីប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារ នៅកម្ពុជាដល់អ្នកប្រើប្រាស់ នៅខេត្តបន្ទាយមានជ័យ ឱ្យយល់ដឹងប្រុងប្រយ័ត្ន បង្កាបញ្ចៀសទប់ស្កាត់ផង។ រួមចំណែក ពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើត ឱកាសការងារកាន់តែច្រើនជូនប្រជាជនផងដែរ តាមរយៈការនូវផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ផលិតករ ក្នុងប្រទេស។ សំដៅធ្វើយ៉ាងណាផលិត នូវទំនិញដែលមានគុណភាព ខ្ពស់មានអនាម័យ និងមានសុវត្ថិភាពគ្រប់គ្រាន់អាចប្រកួតប្រជែង ជាមួយទំនិញនាំចូលពីបរទេស។

នាពេលនោះដែរមន្ត្រីជំនាញកាំកុងត្រូលខេត្ត បានប្រទះឃើញ​នំប៉័ងខ្ចប់​ គ្មានស្លាកសញ្ញា​ និងអានាម័យ ភ្លាមនោះមន្ត្រីជំនាញបានអប់រំដល់អាជីវក និងមិនអនុញ្ញាត និងបានរៀបចំពាក់ព័ន្ធនំប៉័ងខាងលើនេះ ទៅកាន់រដ្ឋបាលខេត្តដើម្បីធ្វើការផ្សព្វផ្សាយ​​ ប្រសិនជានៅតែបន្តសកម្មភាពទៀតរៀបចំផាកពិន័យ​១០លានរៀល​។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ប្រមាណ៨៩,០៤គីឡូក្រាម រួមមាន៖ កម្ទេចមីកញ្ចប់៥៧២កញ្ចប់ គោខាប់ចំនួន៣កំប៉ុង ខ្ទឹមជ្រក់៦កែវ ប័រ​២០កំប៉ុង​ ដើម្បីយកទៅកម្ទេចចោល៕