(ស្វាយរៀង)៖ លោក ហូ សុងរចនា ស្នងការរងនគរបាលខេត្តស្វាយរៀង បានថ្លែងថា កីឡានាំមកនូវសុខភាពមាំមួន និងអាចប្រែក្លាយខ្លួនយើងឲ្យមានអនាគតល្អ។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ មកពី១០ឃុំ នៅស្រុកស្វាយជ្រុំ និងចែកសម្ភារកីឡាចំនួន៣៦៥កំប្លេ ស្នើ២២ក្រុម នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិឃួច ឃុំក្រោលគោ។

លោក ហូ សុងចរនា បានបន្តទៀតថា ប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

លោក ហូ សុងរចនា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ជូនដល់អង្គពិធី និងបានបញ្ជាក់ប្រាប់ប្អូនៗ ជាកីឡាករឲ្យខិតខំរៀនសូត្រ លេងកីឡាដើម្បីសុខភាពល្អជៀស ឲ្យឆ្ងាយពីគ្រឿងញៀន។

លោក ហូ សុងរចនា បានអំពាវនាវឲ្យប្អូនៗ កីឡាករទាំងអស់ថែរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីទទួលបានសមទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសប្រជាពលរដ្ឋ និងកីឡាករដែលជាយុវជន ត្រូវនាំគ្នា ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រី្ដ នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះ កីឡាករពីរនាក់ បានបេ្តជ្ញាខិតខំរៀនសូត្រ និងលេងកីឡាដើម្បីអនាគតភ្លឺស្វាង ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ផងដែរ។ បន្ទាប់ពីមានការឧបត្ថម្ភសម្ភារកីឡា លោក ហូ សុងរចនា ក៏បានចូលបច្ច័យនូវថវិកាមួយចំនួន ដល់កម្មវិធីនេះផងដែរ៕