(ត្បូងឃ្មុំ)៖​ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់សិទ្ធរបស់ខ្លួន ទៅបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដ ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តដឹកនាប្រទេសជាតិ រក្សា ការពារសមិទ្ធផល និងសន្តិភាព ដែលកំពុងមានបច្ចុប្បន្ន ជាពិសេស ធានាបានការអភិវឌ្ឍប្រទេសជាតិ រីកចម្រើនថែមទៀត និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រកបដោយនិរន្តរភាព។

ការលើកឡើងរបស់សមាជិកព្រឹទ្ធសភារូប បានធ្វើឡើងខណៈលោក អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ភូមិគំរូ​ ជូនគ្រួសារក្រីក្រ​ ស្ថិតនៅភូមិឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០១៨​។ ផ្ទះភូមិគំរូចំនួន ៦១ខ្នង​ រួមទាំងស៊ូរ៉ាវ​១ និង​ សាលារៀន​១ខ្នង មាន២បន្ទប់​ ត្រូវបានសាងសង់ ចំណាយថវិកាប្រមាណ៥៣ម៉ឺន​ដុល្លារ​អាមេរិក​ ជាអំណោយពី សប្បុរសជននៃប្រទេសកាតា​ តាមរយៈសមាគម ( មូពើឌើរ៉ស់អាល់អាតក) ដែល អនុវត្តគម្រោងដោយ អង្គការសម្របសម្រួល​ និង​ អភិវឌ្ឍន៍ ។

ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះគំរូនេះ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ សប្បុរសជន នៃប្រទេសកាតារសមាគម (មូពើឌើរ៉ស់ អាល់អាតក) និងអង្គការសម្របសម្រួល​ និង​ អភិវឌ្ឍន៍ ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជួយកសាងសមិទ្ធផលជាច្រើនជួយដល់ ប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍។

លោកក៏បាន លើកឡើងផងដែរថា អ្វីៗដែលយើងទាំងអស់គ្នា ទទួលបាននៅពេលនេះ គឺផ្តើមចេញពីការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និង នយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍៕