(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា»។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, គ្រឹះស្ថានឧត្តមសិក្សា, បណ្តាញសារព័ត៌មាន, អ្នកសារព័ត៌មាន, ស្ថាប័នសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ព្រមទាំងជាពិសេសបណ្តាសហគ្រិនវ័យក្មេងក្នុងស្រុកជាច្រើននាក់។
សិក្ខាសាលានេះ មានគោលបំណងធ្វើការពិគ្រោះយោបល់ និងប្រមូលធាតុចូលពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការរៀបចំ និងការដាក់ឱ្យដំណើរការអនុវត្តនូវ «មូលនិធិលើកកម្ពស់សហគ្រិនភាព» ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់រាជរដ្ឋាភិបាលនេះ ឱ្យទទួលបានជោគជ័យ ហើយមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ តាមគោលដៅដែលរំពឹងទុក។
លោក វង្សី វិស្សុត បានថ្លែងថា ការលើកកម្ពស់សហគ្រិនភាពមានលក្ខណៈយុទ្ធសាស្រ្តសម្រាប់ទ្រទ្រង់កំណើនរយៈពេលវែង ក៏ដូចជាធ្វើឱ្យកំណើននេះ កាន់តែមានភាពធន់ និងចីរភាព ដើម្បីពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍តំបន់ និងពិភពលោក ក៏ដូចជា ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកធំ និងរឹងមាំ។ លោកបានបន្តថា នៅក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ប្រទេសនេះទទួលបាននូវការអភិវឌ្ឍយ៉ាងលឿន ដែលធ្វើឱ្យមានការប្រែប្រួលជារចនាសម្ព័ន្ធ និងជាគុណភាពនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល ក៏ដូចជាប្រជាជនទូទៅ។ ជារួម តាមការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន គឺសមិទ្ធិកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេល ២០ឆ្នាំនេះ ពិតជាអស្ចារ្យណាស់សម្រាប់ ប្រជាជាតិក៏កម្សត់មួយនេះ។
លោក វង្សី វិស្សុត បានបន្តថា យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជា ការសាងជាតិរបស់យើង គឺត្រូវបន្តរក្សាឱ្យមានកំណើនខ្ពស់ ដើម្បីបង្កើតទ្រព្យ និងបង្កើតតម្លៃបន្ថែម ដើម្បីយកទៅធ្វើការបែងចែងឡើងវិញ សម្រាប់បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពធូរធា និងកាន់តែមានសមធម៌ក្នុងសង្គម ហើយអាចបន្តទ្រទ្រង់កំណើនបានយូរអង្វែងថែមទៀត។ ក៏ប៉ុន្តែក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចសព្វថ្ងៃនេះ ចាប់ផ្តើមថមថយកម្លាំងថាមពល ដែលទាមទារឱ្យយើងត្រូវមានការគិតគូរឡើងវិញ។
ក្នុងន័យនេះ នៅក្នុងទិដ្ឋភាពប្រភពនៃកំណើន (Sources of Growth) យើងចាំបាច់គឺត្រូវតែពង្រឹង និងធ្វើទំនើបកម្មមូលដ្ឋានកំណើនចលករសេដ្ឋកិច្ចដែលមានស្រាប់ផង និងត្រូវស្វែងរក និងបង្កើតនូវកម្លាំងចលករថ្មីៗទៀត ដើម្បីអូសកំណើនសេដ្ឋកិច្ចរបស់យើង។ ដោយឡែក នៅក្នុងទិដ្ឋភាពកត្តានៃកំណើន (Factor of Growth) វិញយើងចាំបាច់ត្រូវដោះស្រាយបញ្ហាកត្តា ផលិតភាពការងារ (Labor Productivity) និងកត្តាការវិនិយោគទុន (Capital Accumulation) រួមទាំងមូលធនមនុស្ស (Human Capital), ជំនាញ និងបច្ចេកវិទ្យា ដែលបច្ចុប្បន្ននៅមានកម្រិតទាប ព្រោះថាកម្ពុជាមិនអាចពឹងផ្អែកជាចម្បងតែទៅលើកត្តាចូលរួមពលកម្ម (Labor Participation) ដូចក្នុងរយៈពេល ២០ឆ្នាំកន្លងមកបានតទៅទៀតទេ។ លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា បើនិយាយពីវិស័យពិតនៅក្នុងសេដ្ឋកិច្ចជាតិយើង គឺសំបូរតែសហគ្រាសធំៗ និងអាជីវកម្មតូចតាច តែសហគ្រាសធុនមធ្យមឬកណ្តាលវិញ បែរជាមិនសូវមានឡើយ។
ជាក់ស្តែង ដូចជាក្នុងវិស័យកាត់ដេរជាដើម នៅមិនទាន់មានសហគ្រាសធុនមធ្យមក្នុងស្រុកសម្រាប់គាំទ្រខ្សែចង្វាក់ផលិតកម្មបម្រើឱ្យវិស័យនេះនៅឡើយ។ ក្នុងវិស័យហិរញ្ញវត្ថុក៏ដូចគ្នានេះដែរ ពោលគឺមានតែមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទានខ្នាតធំ និងទឹកប្រាក់តូចតាច តែកម្រិតធុនកណ្តាលវិញ ក៏មិនទាន់សូវមានច្រើននៅឡើយ។ ប្រការនេះ គឺជាបញ្ហាបរាជ័យទីផ្សារ (Market failure) មួយដ៏ធំនៅក្នុងសេដ្ឋកិច្ចជាតិយើង ហើយប្រព័ន្ធបែបនេះ នឹងមិនអាចមានចីរភាពទេទៅថ្ងៃមុខ។ បើយើងនិយាយពីសហគ្រិនភាពវិញ ជាពិសេសនៅក្នុងក្របខ័ណ្ឌ SMEs តែម្តង ក៏មានបញ្ហាដែរ ព្រោះកន្លងមកយើងបានធ្វើការងារច្រើនពាក់ព័ន្ធនឹងការអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់ផលិតជាកម្លាំងពលកម្ម តែយើងមិនសូវបានគិតគូរទៅដល់សហគ្រិនភាពទេ។
បើអត់មានម្ចាស់រោងចក្រសហគ្រាស និងក្រុមហ៊ុន តើកម្លាំងពលកម្មទៅរកការងារធ្វើឯណាបាន។ ដូចនេះ រដ្ឋត្រូវចូលជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ តាមការបង្កើតនូវប្រព័ន្ធអេកូឡូស៊ី គាំទ្រសហគ្រិន ជាពិសេសជួយនៅពេលចាប់ផ្តើមអាជីវកម្ម ឱ្យមានភាពលេចធ្លោឡើង ដោយចាប់ផ្តើមដំបូងពីកម្រិតតូចទៅកណ្តាល និងពីកម្រិតកណ្តាលទៅធំ ឬពីកម្រិតជាតិទៅកម្រិតអន្តរជាតិ។ តែការជួយនេះ ក៏ត្រូវមានគោលការណ៍ច្បាស់លាស់ ព្រោះសហគ្រិនត្រូវមានលទ្ធភាពចេះបង្កើតទ្រព្យ, តម្លៃ និងការងារ និងត្រូវមានទំនួលខុសត្រូវចំពោះសង្គម (Social corporate responsibility) មិនមែនគិតតែពីចំណេញទេ។
ជាមួយគ្នានេះ សហគ្រិនក៏ត្រូវតែមានសមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត និងត្រូវលប់បំបាត់នូវផ្នតគំនិតមិនល្អមួយចំនួន ដូចជា ការធ្វើអាជីវកម្មតាមគេតាមឯង ដោយមិនមានការសិក្សាទីផ្សារច្បាស់លាស់ និងការប្រែក្លាយពីការគ្រប់គ្រងតាមបែបគ្រួសារ (family based) មកជាការគ្រប់គ្រងតាមបែបអាជីវកម្ម (corporate based) វិញ។ ប្រទេសយើងត្រូវផលិតឱ្យមានឧកញ៉ាច្រើនថែមទៀត ឬសហគ្រិនចំណានៗឱ្យបានច្រើន ដើម្បីជួយប្រទេសជាតិឱ្យឈានឡើងជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យើងនៅតែស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស តែយើងក៏ចង់ឃើញវិនិយោគិនខ្មែរងើបឡើងកាន់តែច្រើន នៅក្នុងបរិយាសប្រកួតប្រជែងមួយ ប្រកបដោយស្មើភាព និងយុត្តិធម៌រវាងអ្នកស្រុក និងអ្នកក្រៅស្រុក។
លោក បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានជួយទ្រទ្រង់ច្រើនដល់សហគ្រាសធុនតូចនិងមធ្យម ដោយក្នុងនោះ ទី១.បានជួយកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន និងអគ្គិសនី នព្រមទាំងបានបង្កើតមូលនិធិបណ្តុះបណ្តាល សម្រាប់ជួយដល់សហគ្រិន ដែលខ្វះជំនាញនៅចាប់ផ្តើមដំបូងជាដើម។ ទី២.ខាងផ្នែកយុត្តិការ, យើងបានជួយដល់កិច្ចសម្រួលពាណិជ្ជកម្ម, ការបន្ធូបន្ថយពន្ធ និងការអនុគ្រោះពន្ធ ព្រមជួយរៀបចំបញ្ជីស្នាមគណនេយ្យឱ្យកាន់តែសាមញ្ញ ដើម្បីបង្កលក្ខណៈឱ្យសហគ្រាសធុនតូចនិងមធ្យមចូលទៅក្នុងវិស័យផ្លូវការ និងទី៣. ជួយផ្នែកហិរញ្ញប្បទាន តាមរយៈការបង្កើតធនាគារ SME ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ យើងក៏នឹងកសាងនូវប្រព័ន្ធអេកូឡូស៊ីមួយដែលកាន់តែអនុគ្រោះថែមទៀត ដើម្បីលើកកម្ពស់បរិយាកាសប្រកួតប្រជែង ដែលធានាដល់ការលូតលាស់នៃសហគ្រិន តាមរយៈក្របខ័ណ្ឌច្បាប់ចាំបាច់មួយចំនួន ដូចជាច្បាប់ក្ស័យធន, ច្បាប់ប្រកួតប្រជែង និងការពារកម្មសិទ្ធិបញ្ញាជាដើម។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា នៅក្នុងក្របខណ្ឌនៃមូលនិធិលើកកម្ពស់សហគ្រិនភាព ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់រាជរដ្ឋាភិបាលនេះ នឹងជួយលើកកម្ពស់សហគ្រិនភាព តាមរយៈការជួយកសាងសមត្ថភាព (Capacity development) និងការផ្តល់សេវាប្រឹក្សាយោបល់ (Advisory service) រួមទាំងការបង្កើតបណ្តាញទំនាក់ទំនង (Networking) ទាំងសម្រាប់ការស្វែងរកប្រភពហិរញ្ញប្បទានពីធនាគារ និងទាំងសម្រាប់ការទទួលបានចំណេះដឹង ចំណេះធ្វើ ពិសោធន៍ និងគំនិតថ្មីៗ។ ចំពោះការគ្រប់គ្រងមូលនិធិគាំទ្រនេះនឹងមានការចូលរួមពីវិស័យឯកជន។
សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានការរៀបចំឱ្យមានវគ្គពិភាក្សា និងសំណួរចម្លើយយ៉ាងផុលផុស ប្រកបដោយគុណភាព និងមានលក្ខណៈស៊ីជម្រៅ៕