(ប៉ៃលិន)៖ ខេត្តប៉ៃលិន គឺជាខេត្តមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមរាជធានី/ខេត្តទាំង២៥ ដែលជាខេត្ត ស្ថិតនៅទិសពាយ័ព្យនៃប្រទេស ដែលមានចម្ងាយពីរាជធានីភ្នំពេញប្រវែង ៣៧១គីឡូម៉ែត្រ និងពីខេត្តបាត់ដំបងមានប្រវែង៨៤គីឡូម៉ែត្រ។ ផ្លូវជាតិដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តប៉ៃលិនមាន២ខ្សែ គឺខ្សែផ្លូវជាតិលេខ៥ មកដល់ខេត្តបាត់ដំបង និងពីខេត្តបាត់ដំបងមកកាន់មកកាន់ខេត្តប៉ៃលិន គឺខ្សែផ្លូវជាតិលេខ៥៧។

ខេត្តប៉ៃលិន មានសណ្ឋានដីខ្ពង់រាបអមដោយជួរភ្នំតូចធំ មានជ្រោះជ្រងជ្រលងដងអូរជាច្រើន អមដោយព្រៃព្រឹក្សាប៉ៃតងខៀវស្រង៉ាត់ ជាពិសេសជួរភ្នំខៀវជាជួរភ្នំដែលធំ និងវែងជាងគេ លាតសន្ធឹងខ័ណ្ឌចែកក្រុងប៉ៃលិន ជាមួយស្រុកសំឡូត​ខេត្តបាត់ដំបង ហើយតំបន់ជួរភ្នំខៀវត្រូវបានកំណត់ជាតំបន់អភិរក្សការពារដោយព្រះរាជក្រឹត្យ គឺតំបន់ការពារច្រើនយ៉ាងសំឡូត ដែលសម្បូរដោយជីវៈចម្រុះ និងសត្វព្រៃគ្រប់ប្រភេទ។ ប៉ៃលិន និងបណ្តាស្រុកមួយចំនួន នៃខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ដែលស្ថិតនៅជួរបណ្តោយជួរព្រំដែនកម្ពុជា-ថៃ ដែលអតីតកាលជាតំបន់ ដែលគ្របដណ្តប់ដោយភ្លើងសង្រ្គាមស៊ីវិលរំារ៉ៃជាងជិត៣ទស្សវត្យ ហើយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគកុករវាងកងកម្លាំងរបស់រាជរដ្ឋាភិបាល និងកងទ័ពតស៊ូ ដែលធ្វើឱ្យយុទ្ធជនទាំងសង្ខាងស្លាប់ របួស និងពិការ ព្រាត់ប្រាសគ្រួសារ និងបង្កវិនាសកម្មដ៏ឈឺផ្សារក្រៃលែង។

ដោយសារមានកិច្ចខិតខំប្រឹងប្រែងពីសម្តេចតេជោហ៊ុន សែន ដែលលោកបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដោយយកអាយុជីវិត ធ្វើជាដើមទុនក្នុងការបញ្ចប់សង្រ្គាម ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៦ និងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការ ចូលមករួមរស់ក្នុងសង្គមជាតិខ្មែរតែមួយ ស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ។

ក្រោយពីតំបន់ប៉ៃលិន ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំបន់នេះ ដែលពីមុនជាចំណែកមួយ នៃខេត្តបាត់ដំបង ត្រូវបានត្រូវបានបង្កើតជាក្រុងប៉ៃលិន។ ទន្ទឹមនេះខេត្តប៉ៃលិន ក៏មានតំបន់រម្មណីយដ្ឋាន ទេសចរណ៍វប្បធម៌ប្រត្តិសាស្ត្រភ្នំយ៉ាត និងរម្មណីយដ្ឋានបែបធម្មជាតិជាច្រើនកន្លែងទៀត ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តជារៀងរាល់ឆ្នាំ។

គិតមកដល់ឆ្នាំ២០១៨ នៃរាជរដ្ឋាភិបានអាណត្តិទី៥ នៃរដ្ឋសភា ខេត្តប៉ៃលិន ទទួលបានសុខសន្តិភាពពេញលេញ មានរយៈពេល២០ និងទទួលបានការអភិវឌ្ឍន៍ដូចបណ្តារាជធានីខេត្តទូទាំងប្រទេស ក្នុងនោះវិស័យអាទិភាពទាំង៤ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុងអំឡុងទស្សវត្យឆ្នាំ៨០ ក៏ស្ថិតនៅជាអាទិភាពមកដល់បច្ចុប្បន្ន គឺ «ទឹក ភ្លើង ផ្លូវ មនុស្ស»៕

សូមទស្សនាវិដេអូបទយកការណ៍ ស្តីពីវឌ្ឍនភាពនៅខេត្តប៉ៃលិន រយៈពេល៥ឆ្នាំមកនេះ៖