(ស្ទឹងត្រែង)៖ មេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវដ៏សកម្មម្នាក់ រួមជាមួយថ្នាំញៀន ជាង៣គីឡូក្រាម ត្រូវបានកម្លាំងជំនាញ «ក៩» របស់មន្ទីរប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បើកប្រតិបត្តិការចុះបង្ក្រាបបាន។

ប្រតិបត្តិការចុះបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅចំណុចផ្លូវលំ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង១៣៖៣០នាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ​អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និងប្រធានមន្ទីរប្រឆាំងគ្រឿងលោក ឡឹក វណ្ណៈ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវ ឈ្មោះ ថង លួតប៉ាសឺត អាយុ៥០ឆ្នាំ ភេទប្រុស ជនជាតិឡាវ ទីលំនៅកំណើត ភូមិហួយងិន ស្រុកចំប៉ាសាក់ ខេត្តចំប៉ាសាក់។

លោកបានបន្ថែមទៀតថា ក្នុងនោះ ចាប់យកវត្ថុតាងបានរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ៣កញ្ចប់ធំ ប្រមាណ៣គីឡូ និងទូរស័ព្ធ១គ្រឿង ប្រើប្រាស់លេខ ០២០២៨៣៣៣៣៨៦។

ក្រោយបង្ក្រាបបាន កម្លាំងនគរបាលខេត្ត និងកម្លាំង BLO ដោយសហការជាមួយ កម្លាំងនគរបាលឡាវ ក៏បានបន្តឃាត់ខ្លួន មេក្លោង ឈ្មោះ ចាវ ពែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិឡាវ មានទីលំនៅ ភូមិចាប់សាន់ខាខន ស្រុកប៉ាក់សេ ខេត្តចំប៉ាសាក់ និងដកហូតបានរថយន្ត២គ្រឿង ប៉ុន្ដែសមត្ថកិច្ចឡាវ មិនប្រគល់ឲ្យទេ៕