(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រមាណជាង១ពាន់នាក់។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក វេង សាខុន បានជម្រាបជូនពលរដ្ឋ ពីដំណើរការរីកចំរើន របស់កម្ពុជាជាជំហានៗទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិត្រូវបាន រំដោះចេញពីសង្រ្គាម ខណៈបច្ចប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍស្ទើគ្រប់វិស័យ។
លោកបានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ឆ្លើយតបទៅតាមកំណើន សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍលើគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល។ល។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាព របស់ពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គាំពារសង្គម កាត់បន្ថយសេវាសាធារណៈ ការធ្វើលិខិតបញ្ជាក់អត្រានុគោលដ្ឋាន ឥតគិតថ្លៃ បញ្ចុះតម្លៃអគ្គិសនី ពន្ធ ប្រេងឥន្ទនៈ ឧបត្ថម្ភស្រីមានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ និងដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការនី មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ជារៀងរាល់ឆ្នាំ ក្នុងបំណងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នាឆ្នាំ២០៣០។
ក្នុងនោះលោក វេង សាខុន ក៏បានស្នើឲ្យពលរដ្ឋទាំងអស់គ្នាទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដឲ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្ដអគតរបស់ប្រទេសជាតិ ក៏ដូចជាអនាគតរបស់បងប្អូនឲ្យទទួល បាននូវសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍថ្មីៗ មានសេចក្តីសុខ សេចក្តីចំរើន និងទទួលបានសុភមង្គលគ្រប់ក្រុមគ្រួសារ៕