(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា​ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យសាធារណៈជន ប្រយ័ត្នចំពោះ​ក្រុមហ៊ុនចំនួន៥ ដែលកំពុងប្រតិបត្តិការផ្ដល់កម្ចីក្នុងប្រទេសកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា។

ការចេញសេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួន បានផ្សព្វផ្សាយពីការផ្តល់កម្ចី យ៉ាងសកម្មតាមរយៈ បណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម។
ក្រុមហ៊ុនទាំងនោះ​រួមមាន៖ ក្រុមហ៊ុនឥណទាន សុចរិតភ្នំពេញ, ក្រុមហ៊ុនឥណទានអន្ដរជាតិ, ក្រុមហ៊ុនឥណទានកម្ពុជា និងក្រុមហ៊ុនឥណទានភ្នំពេញជាដើម។

ដើម្បីបញ្ជា្រសនូវរាល់បញ្ហានានា ដែលកើតឡើងបណ្ដាលមកពី ការប្រើប្រាស់កម្ចីមិនត្រឹមត្រូវ ពីក្រុមហ៊ុននានានេះ ធនាគារជាតិបានបង្ហាញ​ពីផលវិបាកធំៗ ដែលកើតមានមកពីការប្រើប្រាស់កម្ចីខុសច្បាប់ដូចជា៖

១៖ អតិថិជនអាចប្រឈម នឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានស្របច្បាប់ និងការគណនាការ​ប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ។

២៖ អតិថិជនអាចប្រឈមមុខ នឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាកដើម ការប្រាក់ និងប្រាក់ពិន័យ​ដែលមិនសមហេតុផល ទៅក្រុមហ៊ុនវិញ។

៣៖ ទ្រព្យធានារបស់អតិថិជន អាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងការត់ការសម្រេចពីតុលាការជាដើម។

ធនាគារជាតិនៃកម្ពុជាបញ្ជាក់ទៀតថា «សូមសាធារណជនជ្រាប់ជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ពីការប្រើប្រាស់សេវាកម្មកម្ចីខុសច្បាប់ ពីក្រុមហ៊ុន
ឬអ្នកផ្ដល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារជាតិ បាននឹងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន ឬអ្នក​ផ្ដល់កម្ចីខុសច្បាបគ្រប់រូបភាពទាំងអស់៕

សម្រាប់ព័តមានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖