(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានស្នើរដល់ម្ចាស់ទីតាំងកំសាន្ត ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ចូលរួមសហការផ្តល់ព័ត៌មានសំងាត់ទាក់ទងករណីជួញដូរ និងប្រើប្រាស់គ្រឿញៀន ជូនសមត្ថកិច្ច ដើម្បីធ្វើការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ ព្រោះឥទ្ធិពល នៃថ្នាំញៀនវាធ្វើឱ្យខូចសុខភាព ខាតបង់ទ្រព្យសម្បត្តិ កើតមានវិបត្តិក្នុងគ្រួសារ អំពើហិង្សា អំពើចោរកម្មផ្សេងៗ និងបង្កភាពវឹកវរដល់សង្គមជាតិទៀតផង។

ជាមួយគ្នានេះ លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី ថ្លែងប្រាប់ Fresh News ប្រចាំខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ថា ដោយមានការសហការល្អ ជួយផ្តល់ព័ត៌មានពីម្ចាស់ក្លឹបកំសាន្ត, ខារ៉ាអូរខេ, ផ្ទះសំណាក់, សណ្ឋាគារ និងទីតាំងផ្សេងៗទៀត ធ្វើឱ្យកងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត-ក្រុង នៅខេត្តមណ្ឌលគិរី ងាយស្រួល ក្នុងការបង្រ្កាបប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ លោក ឡោ សុខា បានបន្តថា មានម្ចាស់ទីតាំងចំនួន២កន្លែង នៅក្នុងក្រុងសែនមនោរម្យ មានទីតាំងខារ៉ាអូរខេ យីហោ «ដៃ៨» មានទីតាំងក្បែរជើងភ្នំដោះក្រមុំ និងផ្ទះសំណាក់ យីហោ «ភ្នំមាស» បានសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចធ្វើឱ្យសមត្ថកិច្ចឈានទៅបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀន បានចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ រួមទាំងសារធាតុសង្ស័យថ្នាំញៀន៩កញ្ចប់តូច និង៤កញ្ចប់ធំ។

លោកស្នងការខេត្ត បានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចនគរបាលបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធថ្នាំញៀន រួមនិងវត្ថុតាងបានជាច្រើនករណី។

លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើដែលនគរបាលធ្វើការឃាត់ខ្លួនបានថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីតាំងខាងលើករណីថ្នាំញៀនទី១៖ ឈ្មោះ ពេជ្រ រ៉ាលីន ភេទប្រុស អាយុ៣១ឆ្នាំ ទី២៖ ឈ្មោះ គា ស៊ីម ភេទប្រុស អាយុ៣៣ឆ្នាំនិងទី៣៖ ឈ្មោះ ម៉ម លី ភេទស្រី អាយុ៣១ឆ្នាំ ពួកគេទាំង៣នាក់ ស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកអធិការឱ្យដឹងថា នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងបញ្ជូនទៅ កាន់ការិយាល័យជំនាញស្នងការខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕