(បាត់ដំបង)៖ យុវជនម្នាក់បានជិះម៉ូតូលឿនដូចហោះ ជែងរថយន្តខាងមុខមួយគ្រឿង និងបានរេចង្កូតជ្រុលទៅបុករថយន្តដឹកដីមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ខ្លួនឯង នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកថ្មគោល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១២ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានយុវជនម្នាក់បានជិះម៉ូតូលឿន ជែងរថយន្តខាងមុខមួយគ្រឿង បានរេចង្កូតជ្រុលទៅបុករថយន្តដឹកដីមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ខ្លួនឯងភ្លាមៗ នៅកន្លែងកើតហេតុ។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ករណីគ្រោះចរាចរណ៍នេះ កើតទ្បើងរវាងម៉ូតូម៉ាកហុងដាឌ្រីម C125 សេរ៊ី២០០៧ ពណ៌ខ្មៅស្លាក លេខបាត់ដំបង 1-D7390 ដែលមានអ្នកបើកបរឈ្មោះ សេង វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយរថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ 3-0827 ជារថយន្តដីធ្វើថ្នល់ ដែលមានអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងបើកបរពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ម៉ូតូបានជែងរថយន្តតូរីសមួយគ្រឿង រួចបានរេដៃចង្កូតទៅបុករថយន្តដឹកដី ដែលកំពុងបើកចញ្រ្ចាសទិសគ្នា បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ចំណែកសាកសព ត្រូវក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕