(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩៖២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងនារសៀថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះថា ក្រោយទទួលបានព័ត៌មាន ពីបណ្តាញផ្តល់ព័ត៌មាន លោកបានទទួលការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបានដឹកនាំកម្លាំង ដោយសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យ ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការអាវុធហត្ថខេត្តបានបន្តថា កម្លាំងអាវុធហត្ថធ្វើការរឹបអូសបានវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ICE ចំនួន២ថង់ធំ ស្មើ៩៨៨.៦ក្រាម, គ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន៤,០៣៥គ្រាប់, ទូរស័ព្ទដៃចំនួន២គ្រឿង, និងកាបូបស្ពាយពណ៌ខ្មៅចំនួន១។ លោកបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើអីវ៉ាន់ ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ ដោយទំនាក់ទំនងតាមរយៈទូរស័ព្ទ យកឆ្លងដែនចូលមកប្រទេសកម្ពុជា។ លុះចូលមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

បើតាមសមត្ថកិច្ច យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់ថាជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕