(ភ្នំពេញ)៖ លោក កោ វណ្ឌី អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រុមជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធបទល្មើសជួលស្រ្តីខ្មែរឲ្យពពោះជំនួស។ ការចេញដីកាសម្រេចឲ្យឃុំខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ» ត្រង់មាត្រា១៦ ច្បាប់ ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះបង្ក្រាបករណីជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើពពោះជំនួស ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងរំដោះបាននារីរងគ្រោះចំនួន៣៣នាក់។
ប្រតិបត្តិការចុះបង្ក្រាបការពពោះជំនួសនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមនគរបាលប្រតិបត្តិការនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១៖ផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-6883 ម៉ូតូហុងដា Today ពណ៌ខ្មៅ មួយគ្រឿង និងផ្ទះទី២៖ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 និងដកហូតឯកសារមួយចំនួន លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានបញ្ជាក់ថា ដោយរាល់ថ្ងៃខ្លូន ធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា បានលុយច្រើនរហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅក៏យល់ព្រម ពេលនោះមិត្តភក្តិក៏បានឲ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញតែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូល ដោយបានឈ្នួលក្នុងតម្លៃពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើតទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។
ក្រោយប្រតិបត្តិការស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ រីឯអ្នកមិនពាក់ព័ន្ធ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕