(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រទេសកម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍ ចេញពីបាតដៃទទេសុទ្ធសាធ រហូតដល់មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនដូចសព្វថ្ងៃនេះ។

ការថ្លែងរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញ ដែលលោក និងមន្រ្តីជលផល ព្រមទាំងមន្រ្តីរាជការ ព្រលែងកូនត្រីចំនួន២០០០០កូន ដែលមាន២ប្រភេទ គឺកូនត្រីឆ្ពិន និងកូនត្រីប៉្រា ក្នុងអាងទឹកទំនប់លើស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០១៨ និងធ្វើការផ្សព្វផ្សាយ ស្តីពីការចូលថែរក្សាធនធានធម្មជាតិ ធ្វើឲ្យបឹងទំនប់លើក្លាយជាកន្លែងទេសចរណ៍ទាក់ទាញផងដែរ។

លោកអភិបាលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា សភាពការណ៍ជារួមរបស់ប្រទេសជាតិនាពេលកន្លងមក គឺមានការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយឥតមានពេលស្រាកស្រាន្ដឡើយ ដែលផ្ដើមចេញការអភិវឌ្ឍន៍ប្រទេសចេញពីបាតដៃទទេ ដែលនេះគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្ដេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាអកុសល គ្រប់រូបភាពរបស់ក្រុម ឬបក្សពួកប្រឆាំង។

លោកបានបន្តថា លោកមានការសោកស្ដាយណាស់ ដែលក្រុមប្រឆាំងតែងតែខិតខំព្យាយាមបំផ្លាញ បង្ខូចនូវកិត្តិយស និងកិត្យានុភាពទាំងព្រះពុទ្ធសាសនា និងសង្គមជាតិ ដោយយកសាសនាជាខែល ក្នុងការបំពេញនូវសេចក្ដីលោភលន់ និងមហិច្ឆិតារបស់ពួក និងបក្សប្រឆាំងខ្លួន នៅលើឆាកជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់រហូតមក។

បើតាមលោក ស្វាយ សំអ៊ាង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានខិតខំតស៊ូ ព្យាយាមយ៉ាងពិតប្រាកដ គ្រប់ការលំបាក និងកាលៈទេសៈក្នុងការរំដោះ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច បើទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពណាក៏ដោយ៕