(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង ចំនួន៥២៨នាក់។
ថ្លែងទៅកាន់អង្គពិធី លោក ស សុខា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដល់យុវជនដែលទើបចូល ជាសមាជិកបក្សទាំងអស់ និងថ្លែងនូវការកោតសរសើរ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ចូលជាសមាជិក នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក ស សុខា បានផ្តាំផ្ញើដល់យុវជន ដែលជាឈាមថ្មីរបស់បក្ស ត្រូវខិតខំប្រែក្លាយខ្លួន ជាយុវជនល្អរបស់បក្ស និងថែរក្សាសាមគ្គីភាព ផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ។
អ្នកតំណាងរាស្រ្តវ័យក្មេងរូបនេះ បានបន្ថែមថា ក្នុងនាមជាយុវជនបក្ស យើងមានតួនាទីកៀគរកម្លាំង គាំទ្របក្សបន្ថែម ទាំងក្នុងស្រទាបយុវជន និងមហាជនទូទៅ។
ក្នុងឱកាសនោះផងដែរ លោក ស សុខា ក៏បានរម្លឹកដល់យុវជនទាំងអស់ ឲ្យប្រើប្រាស់សិទ្ធិ ស្របច្បាប់ដែលមាន ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕