(រតនគិរី)៖ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងប្រជាការពារនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវតែជាំកម្លាំងដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន ដោយឈរលើគោលការណ៍ប្រកាន់ភ្ជាប់នូវសីលធម៌ សុជីវធម៌ និងវិន័យរបស់កងកម្លាំង។

លោកអភិបាលខេត្ត បានស្នើឲ្យកងកម្លាំងទាំងអស់ប្រើគ្រប់វិធីក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដោយរកគ្រប់មធ្យោបាយជៀសវាងនូវការប៉ះទង្គិច ឬកើតឡើងនូវអំពើហឹង្សាណាមួយ។ ជាងនេះទៅទៀតកងកម្លាំងត្រូវចេះចូលរួមសហការគ្នា ផ្លាស់ប្តូរយោបល់ និងចេះរាយការណ៍ទប់ស្កាត់រាល់ស្ថានភាព សភាពការណ៍ដែលកើតឡើងនៅមូលដ្ឋាន និងស្ថានភាពកំពុងប្រឈម ជៀសវាងការអនុវត្តផ្ទុយទៅនឹងបទបញ្ជា ចូលរួមឲ្យបានជិតស្និតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកកាត់បានរាយការណ៍ព័ត៌មានដែលកើតឡើង និងអាចទប់ស្កាត់បានទាន់ពេលវេលា។

លោក ក៏បានជំរុញឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងលើសមត្ថភាពជំនាញបន្ថែមទៀត និងចូលរួមរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ៕