(ត្បូងឃ្មុំ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា មានតែការសិក្សាប៉ុណ្ណោះដែលអាចជួយឲ្យ ប្អូនៗសិស្សានុសិស្ស មានឱកាសគ្រប់បែបយ៉ាង ក្នុងការក៏សាងជីភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិទៅថ្ងៃអនាគត។ លោកបន្តថា ដូច្នេះត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែទាំងអស់គ្នា។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវអនុវិទ្យាល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក ដែលមានទីតាំងនៅភូមិ៤៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អនុវិទ្យាល័យថ្មីនេះ ក៏មានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក Cambodia Co.LTD និងមានការចូលរួមពីលោគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ៩០០នាក់។

ថ្លែងនៅក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានលើកឡើងថា នេះជាការយកចិត្តទុកដាក់មួយ របស់រាជរដ្ឋាភិបាលដែលតែងព្យាយាមបង្កើតសាលារៀន ឲ្យកាន់តែជិតផ្ទះសិស្សានុសិស្ស ជាប្រយោជន៍ដើម្បីឲ្យពួកគេមានភាពងាយស្រួលបន្តការសិក្សា។ លោកបន្តថា ជាក់ស្តែង ការបង្កើតអនុវិទ្យាល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក នាពេលនេះគឺពិតជាមានសារសំខាន់បំផុតសម្រាប់បម្រើ ដល់វិស័យអប់រំនៅទីនេះផ្ទាល់។

នៅក្នុងឱកាសនោះដែរលោក ប៉ែន កុសល្យ ក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ ធ្វើការផ្សព្វផ្សាយរាល់សារាចរសេចក្តីណែនាំផ្សេងៗ ជាប្រចាំដល់សិស្សានុសិស្ស ពិសេសត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្រុម ក្មេងទំនើងឲ្យបានដាច់ខាត។ លោកបន្តថា សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រជៀសឲ្យឆ្ងាយពីអំពើល្មើសច្បាប់ ពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

សូមបញ្ជាក់ថា ពីមុនទីតាំងអនុវិទ្យាល័យក្រែក គឺជាសាលាបឋមសិក្សាង ហ៊ុន សែន ចំការកៅស៊ូក្រែក ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩១ ហើយពេលនេះដើម្បីសម្រួលដល់ប្អូនៗសិស្សានុសិស្ស បន្តការសិក្សាលោក សៀក ពិសិដ្ឋ បានស្នើ និងជួយជ្រោមជ្រែងបង្កើតឲ្យមាន អនុវិទ្យាល័យនេះឡើង។

ចប់ការសំណេះសំណាល គណៈអធិបតីបានប្រគេនសម្ភារមួយចំនួន និងថវិកាជូនដល់វត្តឧត្តមប្រឹក្សា និងវត្តសេរីសុខា ១វត្ត ១លានរៀល, ផ្តល់ម៉ាស៊ីកុំព្យូទ័រ និងថ្ម ម៉ាស៊ីនបោះពុម្ភ និងថវិកា១លានរៀល ដល់អនុវិទ្យាល័យ ហ៊ុន សែន ចំការកៅស៊ូក្រែក, ព្រមទាំងចែកជូនក្រម៉ា ប៊ិច សៀវភៅ និងថវិកាដល់ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សាមណសិស្ស សិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានចូលរួមផងដែរ៕