(ភ្នំពេញ)៖ ការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩មកនោះ នៅតែមានការយល់ឃើញខុសៗគ្នាចេញពីប្រជាពលរដ្ឋខ្មែរ ដោយអ្នកខ្លះក៏បានពេញចិត្ត តែអ្នកខ្លះទៀតក៏ហាក់មិនសូវជាពេញចិត្តនោះដែរ។

ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លេចបំផ្លាញស្ទើរតែទាំងស្រុងដោយសារភ្លើងសង្គ្រាមប្រមាណជា ៣ទសវត្សរ៍នោះ ត្រូវបានប្រឹងប្រែងរើបម្រាស់ឡើងវិញក្នុងស្ថានភាពលំបាកជាទីបំផុត។ បើទោះបីជាប្រទេសនេះបានរំដោះចេញពីរបបប្រល័យពូជសាសន៍តាំងពីឆ្នាំ១៩៧៩ក្តី តែត្រូវរយៈពេលជិតពីរទសវត្សរ៍ ពោលរហូតដល់ឆ្នាំ១៩៩៨ ទើបប្រទេសនេះទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសពេញលេញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងដោយការយកកម្លាំងសេសសល់របស់ខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយតាមរយៈនយោបាយឈ្នះឈ្នះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៨។

រយៈពេល២០ឆ្នាំក្រោយបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងការអភិវឌ្ឍរបស់កម្ពុជា ក៏មានការបោះពួយលឿនលយគួរឲ្យកត់សម្គាល់ ដោយរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណជា ៧ភាគរយជារៀងរាល់ឆ្នាំ។ ទំហំវិនិយោគពីក្រៅប្រទេសក៏មានសន្ទុះកាន់តែខ្លាំង បន្ទាប់ពីអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្ពស់ចំពោះសុខសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។ វឌ្ឍនភាពរបស់កម្ពុជាឈានពីស្ថានភាពមួយដ៏ក្រីក្រឆ្ពោះមករកស្ថានភាពជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន គឺទាមទារឲ្យមាននូវគោលនយោបាយមួយដ៏ច្បាស់លាស់ និងត្រឹមត្រូវបំផុត របស់រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋម្នាក់ដែលបានចូលមករស់នៅក្នុងរាជធានីភ្នំពេញតាំងពីអំឡុងឆ្នាំ១៩៩៣មកនោះ បានមើលឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ មានការវិវឌ្ឍន៍មួយដ៏ល្អប្រសើរ។ ស្រ្តីដែលបានធំធាត់ក្នុងសង្គមរាស្ត្រនិយម និងបានឆ្លងកាត់ក្នុងដំណាក់កាលដ៏លំបាករបស់ប្រទេសកម្ពុជានោះ បានមើលឃើញថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានភាពល្អប្រសើរច្រើនបើប្រៀបធៀបជាមួយអតីតកាលរបស់កម្ពុជា។

ជាបន្តសូមស្តាប់ការបញ្ចេញទស្សនៈ របស់ស្ត្រីវ័យចំណាស់ក្នុងរាជធានីភ្នំពេញរូបនេះ៖