(បាត់ដំបង)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាឧបដ្ឋានថ្មីវត្តបាឡាត់ ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានតម្លៃជិត៣០ម៉ឺនដុល្លារ។

សាលាឧបដ្ឋានថ្មីនេះ ចាប់ផ្តើមសាងសង់នៅក្នុងកំឡុងខែសីហា ឆ្នាំ២០១០ ដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង២០មែត្រ ហើយរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ការកសាងនេះបានប្រមូល ថវិកាចូលរួមពីលោក ឡោក ហ៊ូរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងចំនួន១៣,៥០០ដុល្លារ និងលោក សែម ស៊ីណង ប្រធានក្រុមការងារចុះជួយឃុំនរា ថវិកាចំនួន៧,២៥០ដុល្លារ។ ក្រៅពីនេះក៏មានការចូលរួមពីសប្បុរសជននានា ដែលត្រូវចំណាយក្នុងការសាងសង់អស់ចំនួន២៧៧,១៤៤.៦៥ ដុល្លារផងដែរ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា នៅក្នុងខេត្តបាត់ដំបង មានចំនួន១០២ឃុំ-សង្កាត់ ក្នុងចំណោមនេះនៅសល់តែ៤ឃុំប៉ុណ្ណោះ ដែលផ្លូវមិនទាន់បានក្រាលកៅស៊ូ ព្រោះឃុំដែលនៅសល់នេះខ្លះ ក៏មាននៅក្នុងតំបន់បឹងទន្លេសាប តែក៏ត្រូវពិនិត្យមើលស្ថានភាពផ្លូវទឹក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយក្នុងជំហានបន្ទាប់ គឺត្រូវមានការអភិវឌ្ឍក្រាលកៅស៊ូ ឲ្យដល់គ្រប់ភូមិ។

សម្ដេចក្រឡាហោម បានបន្តថា មន្ទីរជំនាញចំនួន២ គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឲ្យសហការគ្នា និងធ្វើសេនាធិការឲ្យអភិបាលខេត្ត ដើម្បីសិក្សា និងលើកគម្រោងអភិវឌ្ឍន៍ផ្លូវឲ្យទៅដល់ភូមិរបស់ប្រជាពលរដ្ឋ នៅបណ្ដាឆ្នាំខាងមុខ ជាពិសេស នៅអាណត្តិទី៦ ហើយចំពោះគម្រោងក្រាលកៅស៊ូនេះ គឺធ្វើឲ្យបាននៅទូទាំងប្រទេសតែម្ដង។

ជាមួយគ្នានេះ សម្តេចក៏បានជំរុញដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យមាននិរន្តរភាពសន្តិភាពក្នុងប្រទេស ក៏ដូចជា ជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងមានការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕