Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកគម្រោងថ្មីអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារទំហំ២០ម៉ឺនម៉ែត្រការ៉េ នៅផ្លូវសហព័ន្ធរុស្សី!

29-06-2018 16:06

(ភ្នំពេញ)៖ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារទំហំជាង២០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តាយមហាវិថីសហព័ន្ធរុស្សី កណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានបើកការដ្ឋានសាង់សាងជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

ពិធីក្រុងពាលី ត្រូវបានរៀបចំទ្បើង នៅឯទីតាំងគម្រោង ដោយមានការចូលរួមពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងតំណាង ដៃគូសហការ។

នេះគឺជាគម្រោងអភិវឌ្ឍន៍ទី៣ហើយ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅរាជធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់ នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលត្រូវបានប្រគល់ផ្ទះជូនអតិថិជន និងគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលកំពុងស្ថិតក្នុងដំណាក់ការសាងសង់។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលជាអគារចម្រុះ និងពហុមុខងារបែបច្រកចេញចូលតែមួយ ដែលមានទំហំ សរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាចំណុចប្រសព្វគ្នា រវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពលបំផុត នៅរាជធានីភ្នំពេញ។

គម្រោងនេះ មានអគារការិយាល័យចំនួន២ និងអគារខុនដូ ចំនួន៣ស្មើនឹង៤០០ជាងយូនីត ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ។

គម្រោងនេះ នឹងនាំមកនូវទម្រង់អភិវឌ្ឍន៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដោយរួមមាន៖ អគារការិយាល័យលំដាប់៥A មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់នៅរួមលំដាប់ផ្កាយ -ល- ដែលបណ្តុំនូវមុខងារដូចជា៖ ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេ នៅរាជធានីភ្នំពេញនាពេលអនាគត។

ក្រៅអំពីរាជធានីភ្នំពេញ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក៏បាននិងកំពុងអភិឌ្ឍគម្រោងធំៗ មួយចំនួនមានដូចព្រីនស៍ ខូលីណឹន បេ ព្រីនស៍ អាយធី បៀលឌីង នៅខេត្តព្រះសីហនុផងដែរ ហើយនៅថ្ងៃអនាគត ក្រុមហ៊ុន នឹងពង្រីកការអភិវឌ្ឍទៅដល់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានវិនិយោគទុន សរុបជាង១,២០០លានដុល្លារអាមេរិក និងក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគ ៥០០០លានដុល្លារអាមេរិកបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕