(ភ្នំពេញ)៖ អាវុធវែងចំនួន៤១ដើម ត្រូវបានបំពាក់ជូនកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងគោលបំណងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នៅទូទាំងរាជធានីភ្នំពេញ។ ជាពិសេសទៅទៀតនោះ ការបំពាក់អាវុធនេះ ក៏ដើម្បីពង្រឹងកងកម្លាំងនគរបាល ដើម្បីចូលរួមលើកិច្ចការ រក្សាសន្តិសុខសម្រាប់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតផងដែរ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
អាវុធវែងថ្មីៗស្រឡាងទាំង៤១ដើមនេះ ត្រូវបានបំពាក់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដោយមានចូលរួមពីនាយឧត្តម សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្រោយពេលបំពាក់អាវុធនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា «ពិតណាស់នេះជាការបំពាក់អាវុធវែងចំនួន៤១ដើម ជូនកងកម្លាំង នគរបាលអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យកងកម្លាំងទាំងនោះ បង្កើតកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅជូនប្រជាពលរដ្ឋ ក៏ដូចជា ដំណើរការបោះឆ្នោតផងដែរ»។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទុកជាមុនថា ការបំពាក់អាវុធជូនកងកម្លាំងនោះ វាជារឿងធម្មតា មិនមានអ្វីចំឡែកនោះទេ ហើយបើកងកម្លាំងមិនមានអាវុធកាន់ តើឲ្យទៅធ្វើជាកងកម្លាំង នៃស្ថាប័នយ៉ាងដូចម្តេចទៅ? នេះជាការសង្កត់ធ្ងន់របស់នាយឧត្តមសេនីយ៍ស្នងការ ដើម្បីឆ្លើយតបទុកជាមុន ចំពោះការលើកឡើងទាំងឡាយ ដែលនឹងកើតមានឡើងយ៉ាងច្បាស់ក្រោយពិធីនេះ ត្រូវផ្សព្វផ្សាយជាសាធារណៈនោះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជាទៅកងកម្លាំងនគរបាលទាំងអស់ ទាំងជំនាញការិយាល័យ និងនគរបាលទាំង១២ខណ្ឌ ត្រៀមជានិច្ចចំពោះកិច្ចសហការគ្នាលើការថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋានឲ្យជាប់ជាប្រចាំ ជូនប្រជាពលរដ្ឋទាំងអស់ និងត្រូវជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបាតុភាពណាមួយកើតឡើង ដោយការរៀបចំរបស់ក្រុមអគតិខ្លះ និងបាតុភាពកើតឡើងដោយយថាហេតុនោះ។
ចំពោះការបំពាក់អាវុធថ្មីៗទាំង៤១ដើមខាងលើនេះ នាយឧត្តមសេនីយ៍ស្នងការ សូមថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានគិតគូមកលើកងកម្លាំងនគរបាល ហើយនាយឧត្តមសេនីយ៍បានសន្យាថា កងកម្លាំងទាំងអស់នឹងប្រើប្រាស់អាវុធទាំងនេះ ស្របទៅតាមច្បាប់ និងមិនឲ្យមានការប៉ះពាល់ដល់ពលរដ្ឋនោះឡើយ៕