(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ចំនួន៤០រូប និងប្រកាសផ្ទេរភារកិច្ចមន្រ្តីថ្មី ចំនួន១០រូប របស់នាយកដ្ឋានជនភៀសខ្លួន។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក វ៉ា ឈូដា អគ្គនាយរង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួន ព្រមទាំងមានកាចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានជនភៀសខ្លួន។
ក្នុងពិធីនោះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រកាសតួនាទីអនុប្រធាននាយក ចំនួន០១រូប, នាយរងការិយាល័យ ចំនួន០៤រូប, នាយ នាយរងផ្នែកចំនួន១៤រូប,
បំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ ចំនួន០៣រូប, វរសេនីយ៍ត្រី ចំនួន០៦រូប, អនុសេនីយ៍ឯក ចំនួន១០រូប, អនុសេនីយ៍ទោ ចំនួន០៦រូប និងអនុសេនីយ៍ត្រី ចំនួន០១រូប។
លោកឧត្តមសេនីយ៍ឯក វ៉ា ឈូដា បាននាំនូវការផ្ដាំផ្ញើពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ដោយបានណែនាំដល់នាយនគរបាលជាតិ នៃនាយកដ្ឋានជនភៀសខ្លួន ឲ្យពង្រឹងនូវសមត្ថភាពផ្នែកភាសាបរទេស ដើម្បីអនុវត្តនូវការងារជំនាញឲ្យបានល្អ ហើយជាពិសេស ត្រូវគោរពរាល់បទបញ្ជា ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងត្រៀមខ្លួនដើម្បីការពាររក្សា សន្តិសុខជាតិ ក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខនេះ៕