(ភ្នំពេញ)៖ សិស្សានុសិស្សចំនួន១៤៥នាក់ ដែលបានបញ្ចប់កម្រិតអនុវិទ្យាល័យ ព្រមទាំង៤៩នាក់ទៀត ដែលបានបញ្ចប់កម្រិតវិទ្យាល័យ ដោយជោគជ័យ នៃសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First) ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីតាំងផ្ទាល់របស់សាលា ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ រាជធានីភ្នំពេញ។

ពិធីប្រគល់វិញ្ញាបនបត្រសិស្សឆ្នើម និងសញ្ញាបត្របញ្ចប់ការសិក្សា ដល់សិស្សានុសិស្សខាងលើនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត អឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានចូលរួមពីលោក-លោកស្រី មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

បើតាមលោកឧកញ៉ាបណ្ឌិត ត្រាំង លី សាកលវិទ្យាធិការ នៃសាលាអន្ដរជាតិ CIA First បានឲ្យដឹងថា ចាប់តាំងពីពេលដែលសាលា បានបើកដំណើរការដំបូង រហូតមកដល់បច្ចុប្បន្ន សាលាបានជំរុញឲ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ដោយនៅក្នុងនោះ កម្មវិធីសិក្សាត្រូវបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរក្នុងស្រុក ក្នុងតំបន់ និងពិភពលោក។

លោកឧកញ៉ា បានលើកឡើងថា នៅឆ្នាំសិក្សានេះ មុខវិជ្ជាភាសា និងវប្បធម៌ខ្មែរ ត្រូវបានបញ្ចូល ក្នុងកម្មវិធីសិក្សាថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយនៅឆ្នាំសិក្សាថ្មីខាងមុខ សាលានឹងពង្រីកកម្មវិធីនេះ ទៅថ្នាក់ទី៩ ទី៨ និងទី៧ ហើយនឹងបន្ដពង្រីកទៅគ្រប់កម្រិត នៅក្នុងឆ្នាំសិក្សាក្រោយៗទៀត។

សាកលវិទ្យាធិការ រូបនេះ បានបន្ដថា ការធ្វើបែបនេះ ដើម្បីធានាឲ្យបានថា ការអប់រំមុខវិជ្ជានេះ មានប្រសិទ្ធភាព ហើយស្របទៅនឹងទស្សនាវិជ្ជាអប់រំ បែបទំនើប ប៉ុន្ដែរក្សាបាននូវតម្លៃរបស់ភាសាជាតិ និងវប្បធម៌ជាតិសាលា បានជ្រើសរើសអ្នកជំនាញ ជាជនជាតិខ្មែរ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ មកពីប្រទេសអូស្ដ្រាលី ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់មុខវិជ្ជានេះ ក៏ដូចជាដឹកនាំការងារគម្រោងដ៏ថ្មីស្រឡាងមួយនេះ។

លោកបានបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សមមូល ដោយស្វ័យប្រវត្ដិនូវរាល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្ដរជាតិ ឬបាក់ឌុបអន្ដរជាតិ ដែលចេញដោយសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កម្មវិធីជាតិ ដែលចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។​

លោកថា សិស្សានុសិស្ស អាចយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្ដរជាតិ ទៅប្រើប្រាស់ជាផ្លូវការ ដូចសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កម្មវិធីជាតិដែរ ដូចជាការដាក់ពាក្យចូលរៀន នៅតាមសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្ដមសិក្សាក្នុងស្រុក ឬដាក់ពាក្យបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជននៅតាមតម្រូវការនានា ដោយមិនចាំបាច់យកទៅបញ្ជាក់សមមូលឡើយ។

សូមបញ្ជាក់ថា សិស្សម្នាក់ៗ ដែលត្រូវបានជ្រើសរើស ចេញពីគ្រប់ថ្នាក់ទាំងអស់ ចាប់ពីកម្រិតមត្ដេយ្យដល់ថ្នាក់ទី១១ នឹងត្រូវបានផ្ដល់អាហារូបករណ៍៥០% សម្រាប់ឆ្នាំសិក្សាបន្ទាប់ដោយផ្អែកលើអត្ដចរិតល្អ ការទំនាក់ទំនងល្អ និងការចូលរួមសកម្មភាព ក្រៅថ្នាក់រៀនជាច្រើនទៀត៕