(ក្រុងព្រៃវែង)៖ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនវិស័យឯកជន និងប្រជាជន សំដៅឆ្លើយតបនឹងវត្តុបំណងនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។

ពិធីសម្ពោធត្រូវបានរៀបចំនៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក្រោមគណៈអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរខេត្ត ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងកោតសរសើររដ្ឋបាលខេត្តព្រៃវែង មន្ទីរអង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការបច្ចេកទេស ដែលបានរួមសហការសាងសង់អគាររដ្ឋបាលថ្មីនេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសឆ្លើយតបបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងវិស័យឯកជននៅក្នុងខេត្តព្រៃវែង។

លោករដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ គឺជាមោទនភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមិទ្ធផលដ៏មានសារៈសំខាន់ ដែលបង្ហាញពីវឌ្ឍនភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ដំណាលគ្នានឹងវិស័យអទិភាពផ្សេងៗ ដែលកំពុងបោះជំហានឆ្ពោះទៅមុខជាលំដាប់។

«ខ្ញុំមានជំនឿថា បន្ទាប់ពីមានអគាររដ្ឋបាលថ្មី ដែលជាកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈសមរម្យជាងមុន មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មរបស់យើង នឹងខិតខំបំពេញការងារកាន់តែស្វាហាប់ ដើម្បីផ្តល់សេវាសាធារណៈ ជូនបងប្អូនអាជីវករ ផលិតករ និងពាណិជ្ជករគ្រប់មជ្ឈដ្ឋាន»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

យោងតាមរបាយកាណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឲ្យដឹងថាអគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានកម្ពស់ ២ជាន់ និងមានរាងជាចតុកោណទ្រវែង ព្រមទាំងមានទំហំសរុប ៣៥០ម៉ែត្រការ៉េ ដែលបានប្រើពេលវេលាសាងសង់ប្រមាណជាង ០៩ខែ។ អគារនេះ មានបំពាក់ទៅដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ិនធើណេតល្បឿនលឿន ហើយចែកចេញជា ១៥បន្ទប់ រួមមាន៖ ការិយាល័យធ្វើការចំនួន ៦ សាលប្រជុំធំចំនួន ១ បន្ទប់ប្រជុំតូចចំនួន ១ បន្ទប់ពិសាអាហារសម្រន់ចំនួន ១ បន្ទប់សភាពាណិជ្ជកម្មចំនួន ១ ឃ្លាំងដាក់សម្ភារៈចំនួន ១ និងបន្ទប់ទឹកចំនួន ៤៕