(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារ ព្រមទាំងលោកស្រី ហុង ភីង ប្រធានអង្គការផែនការគ្រួសាររបស់ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់យុវវ័យ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលត្រូវបានសហការរៀបចំឡើង ដោយអង្គការខេមរា និងអង្គការផែនការគ្រួសាររបស់ប្រទេសចិន។
សិក្ខាសាលានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ការបណ្តុះបណ្តាលយុវជនបង្គោលចំនួន៥០រូប មកពីសង្កាត់ទាំង៥ នៃខណ្ឌជ្រោយចង្វារ ឱ្យបានយល់ដឹងចំណេះដឹងមូលដ្ឋានអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់យុវវ័យ។
ក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គសិក្ខាទាំងមូលអំពីតួនាទីរបស់ វ.ស.ស. ដែលជាអ្នកសម្របសម្រួលរវាងអង្គការសង្គមស៊ីវិលកម្ពុជា និងអង្គការសង្គមស៊ីវិលចិន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់បន្ថែមថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងរវាងអង្គការដែលជាដៃគូសហការរបស់ វ.ស.ស. និងអង្គការសង្គមស៊ីវិលចិន ក្រោមកិច្ចសម្របសម្រួលរបស់ វ.ស.ស.៕