(ភ្នំពេញ)៖ ក្រុមហ៊ុន ទិញលក់អចលនទ្រព្យ «ជេម ខេម បុរីភូមិខ្ញុំ» ដែលបងប្អូនប្រជាពលរដ្ឋរាប់រយនាក់អះអាងថា ជាក្រុមហ៊ុនបោកប្រាស់ លក់ដីខ្យល់ជូនពួកគាត់ថានឹងសាងសង់លំនៅដ្ឋានជូន តែ បែរជាគ្មានដីទៅវិញ ដោយម្នាក់ៗអស់រាប់រយ រាប់ពាន់ដុល្លារ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានទទូចដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ជួយដោះស្រាយបញ្ចប់ផង។
ក្រុមហ៊ុន «ជេម ខេម បុរីភូមិខ្ញុំ» មានទីតាំងស្ថិតនៅភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មាននាយកក្រុមហ៊ុន លោក ប៊ុណ្ណច័ន្ទ គ្រឹៈស្នា អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤Eo ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមរងគ្រោះជាង៣០០នាក់ បានប្រាប់ឲ្យដឹងថា គាត់ក៏ជាអ្នករងគ្រោះមួយរូបដែរ។ លោកបន្តទៀតថា ដីរបស់ក្រុមហ៊ុនខាងលើមាន លោក ប៊ុណ្ណ ច័ន្ទគ្រឹះស្នា ជានាយកក្រុមហ៊ុន បានបើកលក់ ដីឡូតិ៍ នៅក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីឆ្នាំ២០០៨មកម្ល៉េះ តម្លៃទៅតាមខ្នាត តាមទីតាំងចាប់ពីជាង៩០០ដុល្លារ រហូតដល់ជាង២ម៉ឺនដុល្លារ។
ក្នុងមួយប្លង់អាស្រ័យលើជម្រើសអតិថិជនចង់បាន ហើយត្រូវបានលោក ប៊ុណ្ណ ច័ន្ទគ្រឹះស្នា បើកគម្រោងលក់ជូនអតិថិជន ក៏ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ លុះពេលដែលពលរដ្ឋទិញដីនោះហើយ ជាតម្រូវការរបស់គាត់ គឹសាងសង់លំនៅដ្ឋាន ដើម្បីទៅរស់នៅលើដីបោកប្រាស់នោះ បែរជាមិនមានរកមិនឃើញ ត្រូវបានអ្នកផ្សេងអះអាងថា ជាដីរបស់គេទេ, ជេម ខេម ឯណាមកនៅទីនេះ គ្មានទេ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមបញ្ឈរភ្នែក។
បើតាមពលរដ្ឋ ក្រោយចំណាយលុយទិញហើយ បែរជាក្រុមហ៊ុនគ្មានដីឲ្យទៅវិញ ក៏ផ្ទុះជារឿងជ្រួលច្របល់ នាំគ្នាទៅសាកសួរ តវ៉ាដល់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដើម្បីសួរនាំដល់លំនៅដ្ឋានលោកអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណច័ន្ទ គ្រឹស្នា នៅផ្ទះលេខ១៤Eo ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ច្រើនលើកច្រើន សារមកហើយ តែមិនមានលទ្ធផលដោះបន្ទុក ម្តងថា ចាំសង ថ្ងៃនេះ ម្តងថា ចាំសងថ្ងៃនោះ ភូត ភរ បោកប្រាស់ អូសបន្លាយពេលវេលារហូតមកដល់ពេលនេះ១០ឆ្នាំ កន្លងហួសទៅហើយ ។
ពលរដ្ឋបន្តទៀតថា ដោយសារការមិនដោះស្រាយ រាល់សំណងទៅឲ្យពលរដ្ឋ ក្នុងករណីលក់ដីខ្យល់របស់ក្រុមហ៊ុន «ជេម ខេម» ទើបនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់ នាំគ្នាយកញត្តិ តវ៉ាស្វែងរកដំណោះស្រាយ ទៅដាក់ជូននៅសាលាស្រុកកណ្តាលស្ទឹង និងសាលាស្រុកស្អាង ខេត្តកណ្តាល ដើម្បីស្នើសុំអាជ្ញាធរឲ្យជួយដោះស្រាយ។
ប្រជាពលរដ្ឋរងគ្រោះជាង៣០០គ្រួសារ សំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដោះស្រាយបញ្ហាដីឡូតិ៍ (ដីខ្យល់) ជាមួយក្រុមហ៊ុន «ជេម ខេម» ដែលអូសបន្លាយជិត១០ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយ៕