(សៀមរាប)៖ ​កូនឈើទាល និង​គគីរចំនួន២,៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ​បន្ទាយស្រី រួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី២ហិចតាកន្លះ ក្នុងឱកាសប្រារព្ធ ធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅ​ព្រឹកថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង ​អភិបាលខេត្តសៀមរាប។​

​ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញ​ពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង​ ការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល​។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិ គឺការអភិរក្ស និងការគ្រប់​គ្រងធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និង​រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និង​ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះ ឲ្យមានទេសភាពល្អ​ប្រកប​ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង។

បើតាមលោកអភិបាលខេត្ត ​ពិធីនៅថ្ងៃនេះក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ និង​ចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្ត្រ ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម​។

លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង​ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស​។ ព្រៃឈើ ជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃបំផុត និង​ជាអាយុជីវិតមនុស្ស និងសត្វ​ដែលទាមទារឲ្យមានការគ្រប់គ្រង និង​ការប្រើប្រាស់ធន​ធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខ​ដុមរមនា​។​

ក្នុងនោះដែរលោកអភិបាលខេត្ត ​បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ នូវទង្វើររបស់ខ្លួន និង​ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ​ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយ ដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ៕